ក្រុមហ៊ុន Nissan Motor Co Ltd បានបង្ហើបកាលពីពេលថ្មីៗនេះពីបំណងចង់ចាយលុយ ២ ទ្រីលានយ៉េន ឬ ១៧,៦ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ សម្រាប់ពង្រីកវិសាលភាពយានយន្តដើរដោយកម្លាំងអគ្គិសនី។

ផែនការពង្រីកវិសាលភាពផលិត និងអភិវឌ្ឍន៍យានយន្តដើរដោយអគ្គិសនីធ្វើឡើង ស្របពេលតម្រូវការទីផ្សាររថយន្តប្រភេទនេះកំពុងពេញនិយម ស្របពេលការរឹតបន្តឹងការបំភាយឧស្ម័នកាបូបឌីអុកស៊ីតកំពុងស្ថិតនៅក្នុងដំណាក់កាលតានតឹងបំផុតមួយផងដែរ។
ក្រុមហ៊ុនផលិតយានយន្តធំបំផុតមួយលើលោកក៏បានបង្ហើបថា ពួកគេនឹងណែនាំរថយន្តដើរដោយអគ្គិសនី ២៣ ប្រភេទថ្មីនៅត្រឹមឆ្នាំ ២០៣០ រាប់បញ្ចូលទាំងយានយន្តប្រភេទ EV ១៥ គ្រឿងផងដែរ ស្របពេលពួកគេក៏បានបង្ហើបដែរថា នឹងណែនាំអាគុយប្រភេទរឹងមាំជាងមុននៅខែមីនា ២០២៩ ខាងមុខផងដែរ។
បញ្ជាក់ដែរថា Nissan គឺជាក្រុមហ៊ុនផលិតយានយន្តមួយដែលមានការពេញនិយមខ្លាំង ហើយថែមទាំងរកបានប្រាក់ចំណូលច្រើនផងដែរ សម្រាប់រយៈកាលចុងក្រោយ ស្របពេលក្រុមហ៊ុនគូប្រជែងដូចជា Toyota និង Honda សុទ្ធតែត្អូញត្អែរពីការខាតបង់ចំណូលដោយសារកូវីដ ១៩៕
ប្រភព: Kelo