លោក Hui Ka Yan ដែលជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុន China Evergrande Group បានលក់ភាគហ៊ុន ១,២ ពាន់លានហ៊ុននៃក្រុមហ៊ុន ក្នុងតម្លៃមធ្យមប្រមាន ២,២៣ ដុល្លារហុងកុងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ នេះបើតាមការបង្ហាញរបាយការណ៍ពី Hong Kong Stock Exchange។
ការលក់នេះបានផ្ដល់កញ្ចប់ថវិកាប្រមាន ២,៦៨ ពាន់លានដុល្លារហុងកុង ឬ ៣៤៤ លានដុល្លាអាមេរិក។ តែជាមួយគ្នានោះចំនួនភាគហ៊ុនដែលស្ថិតនៅក្នុងដៃលោក Hui គឺបានធ្លាក់ពី ៧៧% មកសល់ត្រឹម ៦៧,៩% ប៉ុណ្ណោះ។
មូលហេតុដែលបុរសវ័យ ៦៣ ឆ្នាំរូបនេះ សុខចិត្តលក់ចំណែកភាគហ៊ុនដល់ទៅ ៩% នោះគឺដោយសារក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Evergrande ជាប់បំណុលច្រើនខ្លាំង រហូតដល់ច្រើនជាង ៣០០ ពាន់លានដុល្លារ ហើយបំណុលកាន់តែច្រើនឡើងៗ រហូតដល់ថ្នាក់អាជ្ញាធរចិនប្រាប់ឲ្យស្ថាបនិករូបនេះ លក់របស់ស្ថិតនៅក្នុងកម្មសិទ្ធិរបស់លោកចេញមួយចំនួន ដើម្បីជួយចំណាយដល់បំណុលក្រុមហ៊ុន។
មូលហេតុមួយទៀតដែល លោក Hui ចាំបាច់លក់ភាគហ៊ុនបែបនេះគឺដោយសារ Evergrande ខកខានមិនអាចបង់ប្រាក់ប្រមាណ ៨២,៥ លានដុល្លារអាមេរិកាលពីថ្ងៃទី ០៦ វិច្ឆិកា ហើយប្រសិនបើក្នុងរយៈពេល ៣០ ថ្ងៃ ពួកគេនៅតែមិនអាចបង់ប្រាក់បានទៀត នោះពួកគេនឹងទទួលការពិន័យពីអាជ្ញាធរចិនជាមិនខាន។
បញ្ជាក់ដែរថា តម្លៃភាគហ៊ុនដែល Hui បានលក់គឺបានធ្លាក់ចុះដល់ទៅជិត ២០% ពោលគឺធ្លាក់ពី ២,៧៨ ដុល្លាហុងកុង មកសល់ត្រឹម ២,២៣ ដុល្លារហុងកុង/ហ៊ុន ខណៈតម្លៃរបស់វាបានធ្លាក់មកនៅត្រឹម ២,៥ ដុល្លាហុងកុង មុនពេលក្រុមហ៊ុនមានបញ្ហាមិនអាចបង់ប្រាក់ជាមួយអាជ្ញាធរចិនបានទាន់ពេលវេលា៕
ប្រភព: Kelo