រោងចក្រផលិតរថយន្ត Tesla នៅទីក្រុងសៀងហៃកាន់តែកៀកការសម្រេចក្ដីស្រមៃធំបំផុតមួយរបស់ពួកគេ គឺផលិតរថយន្តបានចំនួន ៥០០ ០០០ គ្រឿងនៅក្នុងឆ្នាំនេះ។ នេះបើតាមការឲ្យដឹងពីអនុប្រធាននៃក្រុមហ៊ុនផលិតយានយន្តអាមេរិកបានប្រាប់នៅក្នុងវេទិកា EV100 របស់ប្រទេសចិន។
កាលពីខែកញ្ញាកន្លងទៅ Reuters បានរាយការមកថា រោងចក្រ Tesla នៅសៀងហៃបានបង្ហើបឲ្យដឹងថាមានគម្រោងចង់ផលិតយានយន្តឲ្យបានច្រើនជាង ៣០០ ០០០ គ្រឿងនៅក្នុងរយៈពេល ៩ ខែដំបូង ស្របពេលតម្រូវការទីផ្សារមានការទាមទារខ្ពស់ខ្លាំងនៅត្រីមាសទី ៣ ពោលចន្លោះពីខែកក្កដា ដល់ខែកញ្ញាតែម្ដង។
បញ្ជាក់ដែរថា រោងចក្រ Tesla នៅសៀងហៃគឺផលិតរថយន្តតែ ២ ប្រភេទប៉ុណ្ណោះគឺ Model 3 និង Model Y សម្រាប់ទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិរួមទាំងអាល្លឺម៉ង់ និងជប៉ុន ស្របពេលវេទិកា EV100 តែងតែរៀបចំកម្មវិធីប្រចាំឆ្នាំ សម្រាប់ប្រមូលផ្ដុំថ្នាក់ដឹកនាំកំពូលៗនៃវិស័យយានយន្ត ដើម្បីជជែក ពិភាក្សាពីគោលការណ៍ផ្សេងៗនាថ្ងៃអនាគត៕
ប្រភព: Kelo