រដ្ឋាភិបាល​ឥណ្ឌា​ហាម​ផ្ដាច់​មិន​ឲ្យ​ប្រជាជន​ប្រើប្រាស់​សេវា​អ៊ីនធឺណិត​របស់​មហាសេដ្ឋី Elon Musk

អន្តរជាតិ

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​បាន​ឮ​ពី​គម្រោង Starlink Internet Services របស់​ក្រុមហ៊ុន SpaceX ដែល​ជា​ក្រុមហ៊ុន​ផលិត​យាន​អវកាស​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មហាសេដ្ឋី​មាន​បំផុត​លើ​លោក Elon Musk ជា​មិនខាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោង Starlink នេះ​នឹង​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់គ្នា​នៅ​លើ​ផែនដី​អាច​ប្រើប្រាស់​អ៊ីនធឺណិត​បាន​ដោយ​សេរី ដោយ​គ្រាន់តែ​ធ្វើការ​ចុះ​ឈ្មោះ​ និង​ទិញ​ឧបករណ៍​ភ្ជាប់​ ខណៈ​បច្ចុប្បន្ន​វា​កំពុង​ស្ថិត​នៅ​ដំណាក់​កាល​សិក្សា​បន្ថែម។

យ៉ាងណា មិនមែន​គ្រប់គ្នា​សុទ្ធតែ​សប្បាយ​ចិត្ត​ជាមួយ​គម្រោងការណ៍​នេះ​ឡើយ។ ជាក់ស្ដែង​រដ្ឋាភិបាល​ឥណ្ឌា​បាន​ចេញ​មុខ​ហាមប្រាម​មិន​ឲ្យ​ប្រជាជន​របស់​ខ្លួន​ធ្វើការ​ចុះឈ្មោះ និង​ទិញ​នូវ​ឧបករណ៍​ភ្ជាប់ Starlink ឡើយ ដោយសារ​ក្រុមហ៊ុន SpaceX មិនមាន​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​។

ដោយឡែក សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ដែលបាន​ចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃសុក្រ​បាន​និយាយ​ថា Starlink ត្រូវ​បាន​ណែនាំ​ឱ្យ​គោរព​តាម​បទប្បញ្ញត្តិ​ និង​បដិសេធ​ពី “​ការកក់​/ផ្ដល់​សេវា​អ៊ីនធឺណិត​តាម​ផ្កាយរណប​នៅក្នុង​ប្រទេស​ឥណ្ឌា​ភ្លាមៗ” ។

យ៉ាងណា Starlink បាន​ធ្វើការ​ចុះ​បញ្ជី​អាជីវកម្ម​របស់​ពួកគេ​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី ០១ វិច្ឆិកា​កន្លង​ទៅ និង​បាន​ចាប់ផ្ដើម​ធ្វើការ​ផ្សព្វផ្សាយ និង​បើក​ឲ្យ​មាន​ការ​បញ្ជា​កក់​ទំនិញ​មុន​ផង​ដែរ។ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋាភិបាល ខណៈ Starlink សុំ​មិនមាន​យោបល់​ជុំវិញ​បញ្ហា​ខាងលើ​នា​ពេលនេះ។

បញ្ជាក់​ដែរ​ថា Starlink មិន​ត្រឹមតែ​កំពុង​មាន​បញ្ហា​នៅ​ឥណ្ឌា​ឡើយ ពោល​ថ្មីៗ​នេះ​ផ្កាយរណប​របស់ SpaceX រួម​ទាំង​ផ្កាយរណប Starlink នោះ​ផង​ដែរ បាន​បង្ខំ​ចិត្ត​គេច​ចេញ​ពី​គន្លង​របស់​ពួកគេ ក្រោយ​រុស្ស៊ី​ធ្វើការ​បង្ហោះ​​សាកល្បង​គ្រាប់​មីស៊ីល​ប្រឆាំង​ផ្កាយរណប​កាលពី​ចុងខែ​វិច្ឆិកា​កន្លង​ទៅ​៕

ប្រភព: ndtv