ផ្លូវរថភ្លើងប្រវែង ១០៣៥គីឡូម៉ែត្រ ពីក្រុងគុនមីងប្រទេសចិន ឆ្លងកាត់ជ្រលងដងភ្នំ មកដល់ទីក្រុងវៀងចន្ទ ប្រទេសឡាវ ត្រូវបានបើកសម្ពោធបើកជាផ្លូវការនៅថ្ងៃសុក្រ ទី៣ ធ្នូ ម្សិលមិញ ក្រោមវត្តមានលោកប្រធានាធិបតីចិន ស៊ី ជីនពីង ថ្លែងសារពីចំងាយ។ ខ្សែរថភ្លើងនេះ ឆ្លងកាត់ប្រទេសឡាវ ប្រវែង ៤១៤គីឡូម៉ែត្រ ដោយចំណាយពេលសាងសង់ ប្រមាណ៥ឆ្នាំ ជាមួយនឹងសំណង់រូងក្រោមភ្នំចំនួន ៧៥ និងស្ពានចំនួន ១៦៧ ទីតាំង។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា ខ្សែរថភ្លើងនេះ នឹងជួយជ្រោងសេដ្ឋកិច្ចឡាវ ដែលជាប្រទេសក្រីក្រជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ឲ្យស្ទុះរីកចម្រើនឡើង។
គម្រោងវិនិយោគរបស់ចិន ដែលមានតម្លៃទឹកប្រាក់ ប្រមាណជិត៦ពាន់លានដុល្លារនេះ គឺជាផ្នែកមួយនៃគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ខណៈដែលចិនចង់ភ្ជាប់ខ្សែរថភ្លើងពីខេត្តយូណានរបស់ខ្លួន ទៅដល់សង្ហបុរី ដោយឆ្លងកាត់ ឡាវ ថៃ និងម៉ាឡេស៊ី។
ទោះយ៉ាងណា បើតាមអ្នកជំនាញបានទទួលស្គាល់ថា ឡាវ ទទួលបានផលវិជ្ជមានខ្លះ ពីខ្សែរថភ្លើងនេះ តែគេកំពុងបារម្ភថាតើ ឡាវអាចទ្រាំទ្រ សងបំណុលចំនួនជាង១ពាន់លានដុល្លារ ឲ្យចិនរួចដែរឬទេ ព្រោះថាឡាវមានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ទន់ខ្សោយណាស់។ ជាមួយគ្នានេះ ធនាគារពិភពលោក បានផ្តល់អនុសាសន៍ ឲ្យរដ្ឋាភិបាលឡាវ ត្រូវតែធ្វើកំណែទម្រង់សំខាន់ច្រើនចំណុច ជាក់ស្តែងការរៀបចំប្រព័ន្ធគ្រប់គ្រងព្រំដែន ទើបអាចទាញផលចំណេញពីខ្សែរថភ្លើងនេះបាន។

លោក Greg Raymond សាស្ត្រាចារ្យ នៅ Australian National University បានលើកឡើងថា អំពើពុករលួយ កង្វះតម្លាភាព គឺជាវិបត្តិធំនៅឡាវ។ សេដ្ឋកិច្ចឡាវ រំពឹងខ្លាំងលើកសិកម្ម ហើយប្រជាជនឡាវ មានចំណូលមធ្យម ត្រឹមតែ១១០ដុល្លារក្នុងមួយខែប៉ុណ្ណោះ។ លោកអះអាងថា សេដ្ឋកិច្ចឡាវអាចនឹងអាច ទទួលបានផលវិជ្ជមានពីខ្សែរថភ្លើងនេះទេ៕