ក្រុមហ៊ុន Thai AirAsia X បានបង្ហាញថា ខ្លួនត្រូវការការរៀបចំរចនាសម្ព័ន្ធដ៏សំខាន់ឡើងវិញ និងត្រូវការអ្នកវិនិយោគថ្មី ដើម្បីរៀបចំក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន ឲ្យដំណើរការជើងហោះហើរអន្តរជាតិឡើងវិញ នៅឆ្នាំក្រោយ បន្ទាប់ពីក្រុមហ៊ុន Thai AirAsia (TAA) ទទួលបានមូនិធិបន្ថែម កាលពីសប្តាហ៍មុន ។
លោក Tassapon Bijleveld នាយកប្រតិបត្តិក្រុមហ៊ុន SET-listed Asia Aviation (AAV) ដែលជាម្ចាស់ភាគហ៊ុនច្រើនមួយ នៅក្នុង TAA បាននិយាយថា ក្រុមហ៊ុន Thai Air Asia X ជាក្រុមហ៊ុនហោះហើរមានតម្លៃទាបមួយ និងធ្វើដំណើរផ្លូវឆ្ងាយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមេ Air Asia ត្រូវបានផ្អាកអស់រយ:ពេលជិត ២ ឆ្នាំ ចាប់តាំងពីលេចចេញជំងឺកូវីដ ១៩ នៅក្នុងឆ្នាំ ២០២០ មក ។
នាយកប្រតិបត្តិ ដែលមានភាគហ៊ុននៅក្នុងក្រុមហ៊ុន Thai AirAsia Xដែរនោះ បាននិយាយទៀតថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ត្រូវបង្ខំផ្លាស់ប្តូរប្រភេទយន្តហោះខ្នាតធំ Airbus A330 របស់ខ្លួន ទៅជាសេវាកម្មដឹកជញ្ជូនទំនិញវិញ ដើម្បីទប់ស្កាត់ ការខាតបង់ផ្នែកហិរញ្ញវត្ថុ ។ ខណ: Thai AirAsia X កំពុងទាមទារលំហូរសាច់ប្រាក់បន្ថែម ដើម្បីធ្វើការរៀបចំ សម្រាប់ជើងហោះហើរដឹកអ្នកដំណើរឡើងវិញ ដែលរំពឹងថានឹងចាប់ផ្តើម នៅឆ្នាំក្រោយ ។
លើសពីនេះ លោក Tassapon បានបន្ថែមទៀតថា វាមានរយៈពេលជាង ២ ឆ្នាំហើយ ចាប់តាំងពីមានជំងឺរាតត្បាតបានផ្ទុះឡើង ហើយរដ្ឋាភិបាលគួរតែរៀនរស់នៅជាមួយវា ដោយមានអភ័យឯកសិទ្ធិគ្រប់គ្រាន់ រួមជាមួយការប្រើប្រាស់វ៉ាក់សាំង និងថ្នាំសម្រាប់សហគមន៍មូលដ្ឋាន ដើម្បីអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ចដំណើរការដូចធម្មតា។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Thai AirAsia X នៅមិនទាន់បានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុននៅឡើយនោះទេ ដោយពួកគេកំពុងចរចាជាមួយវិនិយោគិន ដែលមានសក្តានុពលមួយចំនួន ហើយរំពឹងថានឹងអាចចូលទៅក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ នៅឆ្នាំក្រោយនេះ ៕
ប្រភព: Bangkok Post