មន្ត្រីរបស់ប្រទេសឥណ្ឌា បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងផ្តល់ការផ្គត់ផ្គង់ថាមពល ២០% បន្ថែមទៀត ទៅឲ្យប្រទេសបង់ក្លាដែស បន្ទាប់ពីភាគីប្រទេសទាំងពីរ បានបន្តកិច្ចសន្យាថ្មីមួយ សម្រាប់រយ:ពេល ៥ ឆ្នាំបន្ថែម ។
ជាក់ស្តែងក្រុមហ៊ុន Tripura State Electricity Corporation Limited (TSECL) នឹងផ្តល់ការផ្គត់ផ្គង់ថាមពល ១៩២ មេហ្គាវ៉ាត់ ដល់ប្រទេសបង់ក្លាដែស ដែលជាចំនួនកើនឡើងពី ១៦០ មេហ្គាវ៉ាត់ នៅមុនពេលកិច្ចសន្យាថ្មីត្រូវបានបន្ត។

គួររំលឹកផងដែរថា ប្រទេសឥណ្ឌា និងបង់ក្លាដែស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១០ សម្រាប់ការលក់ថាមពល នៅក្នុងតម្លៃដែលបានព្រមព្រៀងគ្នាទៅវិញទៅមក ហើយកិច្ចសន្យានេះផងដែរ គឺមានសុពលភាពរហូតដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ។
ប៉ុន្តែក្នុងពេលថ្មីៗនេះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន TSECL និង NTPC Vidyut Vyapar Nigam Ltd ដែលតំណាងឱ្យប្រទេសឥណ្ឌា បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយផ្សេងទៀត ជាមួយនឹងអ្នកតំណាង់របស់ប្រទេសបង់ក្លាដែស ដែលជារដ្ឋលេខាធិការថាមពល និងនាយកក្រុមប្រឹក្សាអភិវឌ្ឍន៍ថាមពលបង់ក្លាដែស (BPDB) នៅឯទីក្រុង Dhaka កាលពីថ្ងៃទី ២ ខែធ្នូ ។
គួរឲ្យដឹងផងដែរថា កិច្ចព្រមព្រៀងថ្មីនេះ បានចូលជាធរមានចាប់ពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ ស្របពេលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះដែរ ត្រូវបានកែប្រែជាផ្លូវការ បន្ទាប់ពីមានការប្រជុំចំនួន ៤ លើក រវាងភាគីដែលពាក់ព័ន្ធទាំងអស់ ៕
ប្រភព: Businesstoday