រយ:ពេល ២៤ ឆ្នាំចុងក្រោយ Samsung បានបោះទុនវិនិយោគជាង ១៧ ពាន់លានដុល្លារ ទៅក្នុងប្រទេសវៀតណាម

អន្តរជាតិ

ក្រុមហ៊ុន Samsung បានធ្វើការវិនិយោគក្នុងចំនួនទឹកប្រាក់ប្រមាណ ១៧,៧៤ ពាន់លានដុល្លារ នៅក្នុងប្រទេសវៀតណាម សម្រាប់រយ:ពេល ២៤ ឆ្នាំចុងក្រោយនេះ ខណ: ២៤% នៃចំនួនទឹកប្រាក់ចំពោះការវិនិយោគនេះ ត្រូវបានធ្វើឡើងនៅក្នុងរយ:ពេល ៥ ឆ្នាំចុងក្រោយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹងរោងចក្រផលិត និងស្រាវជ្រាវ ចំនួន ៨ នៅក្នុងប្រទេស ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ សម្រេចបានប្រាក់ចំណូលជិត ៦០,៥ ពាន់លានដុល្លារ ក្នុងរយ:ពេល ១០ ខែដំបូងនៃឆ្នាំ ២០២១ នេះ ។ យ៉ាងណានេះបើតាមអ្វី ដែលនាយកប្រតិបតិ្តក្រុមហ៊ុន Samsung Vietnam លោក Choi Joo Ho បានប្រាប់ទៅកាន់ឧបនាយករដ្ឋមន្ត្រី Le Minh Khai នៅក្នុងកិច្ចប្រជុំមួយ នៅទីក្រុងហាណូល កាលពីថ្ងៃចន្ទ ។

មិនតែប៉ុណ្ណោះ នាយកប្រតិបតិ្តខាងលើ បាននិយាយទៀតថា ក្រុមហ៊ុនបានកត់សម្គាល់ឃើញការកើនឡើង ១៥% ពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាមានបញ្ហាប្រឈមជាច្រើន ក្នុងការរក្សារោងចក្រឲ្យនៅតែបន្តដំណើរការ និងការខ្វះខាតគ្រឿងបន្លាស់ ចំពេលមានជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ។

លោក Choi Joo Ho បានបន្ថែមទៀតថា ការនាំចេញរបស់ក្រុមហ៊ុន មានចំនួនជិត ៨៩% នៃប្រាក់ចំណូល។ ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍតម្លៃ ២២០ លានដុល្លារ នៅក្នុងទីក្រុងហាណូយ ខណ:ជាកន្លែងដំបូងគេបំផុត ដែលត្រូវបានសាងសង់ នៅខាងក្រៅប្រទេសកូរ៉េខាងត្បូង ៕

ប្រភព: VN Express