លោក Vladimir Potanin ដែលគ្រប់គ្នាស្គាល់ថាជាមហាសេដ្ឋីមានបំផុតទី ២ នៅរុស្ស៊ី កំពុងប្រឈមមុខនឹងការបាត់បង់ទ្រព្យសម្បត្តិរហូតដល់ទៅពាក់កណ្ដាល ដោយសារវិវាទលែងលះជាមួយអតីតភរិយា។

អ្នកស្រី Natalia Potanina ដែលជាអតីតភរិយារបស់មហាសេដ្ឋីខាងលើ កំពុងប្ដឹងប្ដល់ចង់បានទ្រព្យសម្បត្តិប្រមាណ ៥០% ពីភាគហ៊ុនសរុបរបស់លោក Potanin នៅក្រុមហ៊ុន MMC Norilsk Nickel PJSC ដែលចំនួនមួយនេះ គឺជាចំនួនអតិបរមាតែម្ដង ហើយបើគិតជាទឹកប្រាក់គឺអាចនឹងច្រើនជាង ៧ ពាន់លានដុល្លារ ដោយសារមហាសេដ្ឋីរុស្ស៊ីកាន់កាប់ ១/៣ នៃភាគហ៊ុនសរុបនៅក្រុមហ៊ុនផលិតលោហៈមួយនេះ។

យ៉ាងណា អតីតស្វាមីរូបនេះទំនងមិនព្រមប្រគល់ទឹកប្រាក់ពាន់លានដុល្លារងាយៗឡើយ ពោលលោកបានធ្វើការប្ដឹងបកវិញ ខណៈបច្ចុប្បន្នកំពុងរង់ចាំការបកស្រាយពីតុលាការ។ នេះបើតាមការឲ្យដឹងពីចៅក្រម Nicholas Francis។
ដោយឡែក អ្នកស្រី Potanina បាននិយាយថា នឹងយល់ព្រមទទួលចំណែក ៥០% នៃភាគហ៊ុនសរុបនៃក្រុមហ៊ុន Norilsk គិតតាំងពីឆ្នាំ ២០១៤ ខណៈដែលអតីតស្វាមីរបស់អ្នកស្រីប្រមូលបានប្រមាណ ៦,៦ ពាន់លានដុល្លារគិតតាំងពីពេលនោះមក ហើយបើគិតពីទ្រព្យសម្បត្តិសរុបវិញ គឺមហាសេដ្ឋីរូបនេះមានរហូតដល់ ២៩,៩ ពាន់លានដុល្លារ។ នេះបើតាមការឲ្យដឹងពី Bloomberg Billionaires។

បញ្ជាក់ដែរថា អ្នកស្រី Potanina បានអះអាងថា អ្នកស្រីទទួលបានប្រាក់ប្រមាណ ៤០ លានដុល្លារសម្រាប់ការលែងលះគ្នា ស្របពេលអតីតស្វាមីប្រកែកថា អ្នកស្រីទទួលបាន ៨៤ លានដុល្លារ ដែលនេះជាការសម្រេចរបស់តុលាការ ផ្អែកលើទំហំទ្រព្យសម្បត្តិរបស់លោក និងរយៈពេលនៃការរៀបអាពាហ៍ពិពាហ៍ដល់ទៅ ៣១ ឆ្នាំកន្លងមកនេះ៕
ប្រភព: Bloomberg