មហាសេដ្ឋី​មាន​ដាច់​គេ​នៅ​អាស៊ី ស្នើ​អភិវឌ្ឍន៍​ប្រព័ន្ធ 5G ជា​អាទិភាព

អន្តរជាតិ

មហាសេដ្ឋី​មាន​បំផុត​ប្រចាំ​តំបន់​អាស៊ីសញ្ជាតិ​ឥណ្ឌា លោក​ Mukesh Ambani ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​ដាច់គេ Reliance Jio Infocomm ឌា​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា រដ្ឋាភិបាល​គួរ​យកចិត្ត​ទុកដាក់​ចំពោះ​ការ​អភិវឌ្ឍន៍​​ប្រព័ន្ធ 5G និង​ផលិត​ឧបករណ៍​ប្រើប្រាស់​សមស្រប​ជាមួយ​​តម្លៃ​សមរម្យ​ជា​អាទិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេស​ឥណ្ឌា​ដែល​ជា​ទីផ្សារ​ទូរគមនាគមន៍​ធំ​បំផុត​ទី ២ លើ​លោក ដែល​មាន​អ្នកប្រើប្រាស់​រាប់​ពាន់​លាន​នាក់ ដូច្នេះ​ការ​បន្ត​អភិវឌ្ឍន៍​ប្រព័ន្ធ​តាំងពី 2G ទៅ​ 4G និង​ក្រោយ​គេ​បង្អស់​គឺ 5G គឺ​ជា​រឿងចាំបាច់​ណាស់។ នេះ​បើ​តាម​សម្ដី​របស់​លោក Ambini បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​ Indian Mobile Congress។​

ការ​លើក​ឡើង​​របស់​មហាសេដ្ឋី​រូបនេះ ធ្វើឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​ពី​គម្រោង​ដេញថ្លៃ​អភិវឌ្ឍន៍​ប្រព័ន្ធ 5G នា​ដើមឆ្នាំ​ក្រោយ ស្របពេល​លោក​ជឿ​ថា ក្រុមហ៊ុន Jio នឹង​អាច​ជោគជ័យ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ 5G នៅ​ឥណ្ឌា ដោយសារ​មាន​ក្រុមហ៊ុន​ដូចជា​ Google, Facebook, Qualcomm និង Intel ជា​ដៃគូ​សហការ​នៅ​ពីក្រោយ។

កាលពី​ឆ្នាំទៅ Google ទើប​នឹង​បោះកញ្ចប់​ថវិកា​​ប្រមាណ ៤,៥ ពាន់​លាន​ដុល្លារ​​ឲ្យ​​ក្រុមហ៊ុនមេ Jio Platforms ក្នុង​គោលបំណង​អភិវឌ្ឍន៍​ក្រុមហ៊ុន​ផ្តល់សេវា​ទូរស័ព្ទ​ឥតខ្សែ​ ជាមួយ​នឹង​ដំណោះស្រាយ​បច្ចេកវិទ្យា​សម្រាប់​សហគ្រាស និង​ការ​ផ្តល់ជូន​អតិថិជន​របស់​ខ្លួន ​សម្រាប់​គម្រោង​ដាក់​ឱ្យ​ដំណើរការ​សេវាកម្ម 5G ផង​ដែរ៕

ប្រភព: theedgemarkets