កាត់ទោស​សេដ្ឋី​ថៃ​ជាប់​ពន្ធនាគារ​ ល្មើស​សម្លាប់​សត្វព្រៃ

អន្តរជាតិ

អង្គការ​ការពារ​សត្វព្រៃ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​ពេញចិត្ត​ការ​សម្រេចចិត្ត​របស់​តុលាការ​ជាន់ខ្ពស់​ ​លើ​ការ​កាត់ទោស​ស្ដេចត្រាញ់ Premchai Karnasuta ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣ ឆ្នាំ ២ ខែ ក្រោម​បទល្មើស​សម្លាប់​សត្វព្រៃ​កាលពី​ ៤ ឆ្នាំ​មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពី​មហាសេដ្ឋី​នេះ ក៏​នៅ​មាន​បុគ្គល ២ រូប​ផ្សេងទៀត​ត្រូវ​បាន​កាត់ទោស​ក្រោម​បទល្មើស​តែ​មួយ ដែល​មាន​អតីត​អ្នក​បើករថយន្ត​ផ្ទាល់ខ្លួន​របស់​លោក Premchai គឺ Yong Dodkruea ជាប់​ពន្ធនាគារ​រយៈពេល ៣ ឆ្នាំ ៥ខែ ខណៈ​ព្រានព្រៃ Thanee Thummat ជាប់​ពន្ធនាគារ ៣ ឆ្នាំ ៩ ខែ។

ដោយឡែក បើ​តាម​ក្រុម​ការពារក្ដី​របស់​ Premchai ដែល​មិន​ត្រូវ​បាន​បង្ហើប​ឈ្មោះ​បាន​ប្រាប់​ទៅកាន់​សារព័ត៌មាន​ថា កូនក្ដី​របស់​ពួកគេ​គឺ​មិនមាន​អ្វី​បកស្រាយ​ឡើយ ក្រៅពី​គោរព​តាម​ការ​សម្រេចចិត្ត​របស់​តុលាការ។

យ៉ាងណា តុលាការ​កំពូល​បាន​សម្រេច​តម្កល់​ទោស​នៃ​ការ​ជាប់ពន្ធនាគារ ដោយសារ​កាលពី​ ២ ឆ្នាំ​មុន​ច្បាប់​នៃ​ការ​ការពារ​សិទ្ធិ​សត្វព្រៃ និង​ការ​ដាក់ទោស​មាន​ការ​កែប្រែ ស្របពេល​បុរស​ទាំង ៣ នាក់​នេះ​ត្រូវ​បាន​រួច​ទោស​ពី​ការ​ចោទប្រកាន់​ខាងលើ តែ​ក្រោយ​មក​រកឃើញ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចិញ្ចឹម​សត្វព្រៃ​ខុសច្បាប់ ដូច្នេះ​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល ៨ ខែ​ និង​ពិន័យ​ជា​ទឹកប្រាក់​ម្នាក់​ ២ លាន​បាត។

បញ្ជាក់​ដែរ​ថា ជនជាប់ចោទ​ទាំង ៣ នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​ជំរុំ​របស់​ពួកគេ​នៅ​តំបន់ Thungyai Naresuan Wildlife Sanctuary កាលពី​ថ្ងៃទី ០៤ ​កុម្ភៈ ២០១៨ ក្រោម​បទចោទប្រកាន់​ពី​ការ​បរបាញ់​សត្វព្រៃ រាប់​បញ្ចូល​ទាំង​ការ​សម្លាប់​សត្វ​ខ្លាខ្មៅ (Black Panther) ​យ៉ាង​កម្រ សត្វក្រៀល (Kalij Pheasant) និង​សត្វ​ក្ដាន់ Barking deer៕

ប្រភព: bangkokpost