រដូវកាលអាពាហ៍ពិពាហ៍ ធ្វើឲ្យតម្រូវការមាសនៅក្នុងប្រទេសមានការកើនឡើងខ្លាំង

អន្តរជាតិ

យោងតាមក្រុមប្រឹក្សាមាសពិភពលោក (WGC) បានធ្វើការព្យាករណ៍ថា តម្រូវការមាសនៅក្នុងប្រទេសឥណ្ឌា ប្រហែលជាចំនួនខ្ពស់បំផុត ក្នុងរយ:ពេលយ៉ាងហោចណាស់មួយទសវត្សរ៍ ផ្អែកតាមត្រីមាសបច្ចុប្បន្ន ខណ:ពេលដែលប្រជាជនបានសម្រុកទិញមាសស្តុកទុក សម្រាប់ពិធីបុណ្យក្នុងខែវិច្ឆិកា និងកំឡុងរដូវកាលរៀបអាពាហ៍ពិពាហ៍ធំដុំ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងប្រជាជនឥណ្ឌា តែងនិយមទិញមាសជាអំណោយ និងជាគ្រឿងលម្អកាយ ព្រោះពួកគេចាត់ទុកថាមាស ជាលាភសំណាង ជាអ្នកនាំសេចក្តីសុខ និងភាពរុងរឿងជាដើម។

មិនតែប៉ុណ្ណោះ បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ ប្រជាជនដែលមានប្រាក់ចំណូលខ្ពស់ បានស្វែងរកការវិនិយោគដែលមានសុវត្ថិភាពខ្ពស់មួយចំនួន ដូចជាការទិញមាសស្តុកទុក ដែលជាហេតុធ្វើឲ្យចំនួនលក់មានការកើនឡើងខ្ពស់ ។

លោក P. R. Somasundaram នាយកប្រតិបត្តិក្រុមបឹ្រក្សាមាសប្រចាំប្រទេសឥណ្ឌា ថ្មីៗនេះបាននិយាយថា ៖ ” អាពាហ៍ពិពាហ៍បានត្រលប់មកវិញ ជាមួយនឹងកម្មវិធីដ៏ធំ ។ ហើយពិធីមង្គលការនៅក្នុងប្រទេសស្ទើតែមានជារៀងរាល់ថ្ងៃ ” ។

ការនាំចូលមាសគឺមានទំហំធំជាងមុននៅឆ្នាំនេះ ហើយការរំពឹងទុកសម្រាប់ការទិញចូលពីក្រៅប្រទេស នៅតែមានភាពវិជ្ជមាន ខណ:ការផលិតគ្រឿងអលង្ការនៅតែបន្តកើនឡើងខ្លាំង។ នាយកប្រតិបត្តិខាងលើបន្ថែមទៀតថា ” គិតត្រឹមពេលនេះ វាហាក់ដូចជាយើង នឹងបន្ថែមការនាំចូល និងមានតម្រូវការកាន់តែច្រើន សម្រាប់មួយត្រីមាសទៀត ” ។

 លោក P. R. Somasundaram បានបញ្ជាក់ទៀតថា តម្រូវការប្រើប្រាស់មាសរបស់ឥណ្ឌានឹងនៅតែមានចំនួនខ្ពស់ នៅឆ្នាំក្រោយ ប្រសិនបើគ្មានរលកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសជាថ្មីទៀតនោះ ។

ជាក់ស្តែងជាមួយនឹងការជីកយករ៉ែដ៏តិចតួចបំផុត និងកម្រិតនៃការកែច្នៃឡើងវិញក៏មិនសូវមាន ដូច្នេះឥណ្ឌាគឺត្រូវពឹងផ្អែកយ៉ាងខ្លាំង ទៅលើការនាំចូលមាស ដើម្បីបំពេញតាមតម្រូវការក្នុងស្រុក ៕

ប្រភព: Kitco