បច្ចុប្បន្នការធ្វើដំណើរកំសាន្តទៅកាន់លំហអាកាសលែងជារឿងដែលមិនអាចទៅរួចទៀតហើយ ដ្បិតកន្លងមកមហាសេដ្ឋីដូចជា Richard Branson និង Jeff Bezos ក៏ដូចជាថ្មីៗនេះមហាសេដ្ឋីជប៉ុន Yusaku Maezawa សុទ្ធតែបានសម្រេចក្នុងការធ្វើទេសចរបែបថ្មីមួយនេះ។

ដោយសារមើលឃើញពីអនាគតដ៏វែងឆ្ងាយ ក្រុមហ៊ុន Orbital Assembly Corporation ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាបានសម្រេចចិត្តបង្កើតគ្រោងការដ៏អស្ចារ្យនោះគឺ សាងសង់សណ្ឋាគារដំបូងបង្អស់នៅលំហអាកាស។
គម្រោងស្ទើរមិនគួរឲ្យជឿមួយនេះ មានឈ្មោះថា Voyager Space Station ដែលរចនាបទរបស់វាមានលក្ខណៈរាងជារង្វង់កង់រថយន្ត Ferris ហើយសម្រាប់គម្រោងចំណាយលើការសាងសង់នេះផងដែរ គឺមានរហូតដល់ ២០០ ពាន់លានដុល្លារឯណោះ។

ដោយឡែក សណ្ឋាគារប្រណីតនេះ គ្រោងចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ ២០២៦។

សណ្ឋាគារដំបូងបំផុតនៅលំហអាកាសនេះផងដែរ គឺមានទំហំ ៥០ ០០០ ម៉ែត្រការ៉េ ដែលអាចផ្ទុកចំនួនមនុស្សរហូតដល់ ៤០០ នាក់ និងមានបំពាក់ជាមួយនឹងសម្ភារៈទំនើបៗ អាហារដ្ឋានសំបូរបែប រួមទាំងក្លឹបហាត់ប្រាណទៀតផង។

ដោយសារការចំណាយច្រើនសំបើមដូច្នេះ ច្បាស់ណាស់តម្លៃនៃការស្នាក់នៅ និងអតិថិជនដែល Voyager Space Station ចង់បានមិនមែនជាមនុស្សសាមញ្ញឡើយ ពោលអតិថិជនគោលដៅរបស់ពួកគេគឺ ក្រុមមហាសេដ្ឋីលុយពាន់លាន ក្រុមអ្នកវិទ្យាសាស្ត្រ និងអវកាសយានិកដែលត្រូវមានភារកិច្ច និងចង់ទទួលបានបទពិសោធន៍ថ្មីៗ ស្របពេលតម្លៃនៃការស្នាក់នៅវិញគឺ ៥ លានដុល្លារសម្រាប់រយៈពេល ៣ ថ្ងៃកន្លះ។ នេះបើតាមការឲ្យដឹងពី Travel And Leisure៕
ប្រភព: therichest