រាល់ពេលដែលគ្រប់គ្នានិយាយពីប្រធានបទទាក់ទងនឹងមហាសេដ្ឋី ទ្រព្យសម្បត្តិមហាសាល គ្រប់គ្នាប្រហែលជាគិតដល់អ្នកជំនួញ អ្នកនយោបាយ អ្នកសិល្បៈ ឬក៏អត្តពលិកល្បីៗជាមិនខាន។ លើកនេះឧកញ៉ាញូវសន៍សូមបង្វែរចំណាប់អារម្មណ៍ពីបុគ្គល ៥ រូបដែលអាចចាត់ទុកបានថា ជា ឧក្រិដ្ឋជនមានបំផុតសម្រាប់ប្រវត្តិសាស្ត្រពិភពលោក៖
5/ Carlos Lehder
ជាសហស្ថាបនិកក្រុមសង្គមងងឹតដ៏ល្បីល្បាញ Medellin Cartel និងជាអតីតស្ដេចគ្រឿងញៀនមួយរូប ដែលដំបូងឡើយផ្ដើមចេញពីការលក់កញ្ឆា លួចឡាន និងលក់កូកាអ៊ីន។ បុរសរូបនេះ ក៏ជាមេខ្លោងសំខាន់ម្នាក់ដែលបង្កើតក្រុមចលនាប្រឆាំងរដ្ឋាភិបាល និងជាអ្នកគាំទ្រផ្តាច់មុខរបបដឹកនាំ Nazi។ ស្ដេចគ្រឿងញៀនជនជាតិអាល្លឺម៉ង់កាត់កូឡុំប៊ីអស់លក្ខណ៍នៅឆ្នាំ ១៩៨៧ និងក្រោយចាយពេល ៣៣ ឆ្នាំនៅពន្ធនាគារ បុរសវ័យ ៧២ ឆ្នាំត្រូវបានដោះលែងនៅឆ្នាំ ២០២០។
គេសន្និដ្ឋានថា Lehder រកចំណូលពីសកម្មភាពឧក្រិដ្ឋកម្មកន្លងមកបានរហូតដល់ ២,៧ ពាន់លានដុល្លារអាមេរិក។
4/ Khun Sa
ជាស្ដេចគ្រឿងញៀនជនជាតិអាស៊ីតែម្នាក់គត់នៅក្នុងបញ្ជីមួយនេះ ដោយលោកគឺមានដើមកំណើតជាជនជាតិភូមា។ ស្ដេចគ្រឿងញៀនភូមារូបនេះ អាចរកចំណូលបានច្រើនពីការដាំដុះអាភៀន និងរត់ពន្ធទៅកាន់តំបន់ត្រីកោណមាស ដែលជាព្រំប្រទល់នៃប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា។
បុរសរូបនេះមានឥទ្ធិពលខ្លាំងនៅតំបន់អាស៊ាន ដោយការចែកចាយអាភៀននៅក្នុងតំបន់នេះ គឺផ្ដាច់មុខដោយ Khun Sa ក្នុងចន្លោះឆ្នាំ ១៩៧៦ ដល់ ១៩៩៦ រហូតដល់ទទួលបានងារជា ស្ដេចអាភៀនទៀតផង។
រហូតដល់ឆ្នាំ ១៩៩៦ នេះហើយ ដែល Khun Sa យល់ព្រមប្រគល់ខ្លួនទៅកាន់រដ្ឋាភិបាល និងងាកមកប្រកបរបរសុចរិតជាអ្នកជំនួញផ្នែកសាងសង់ និងរ៉ែ តែត្រូវបានស្លាប់នៅឆ្នាំ ២០០៧ ដោយមិនដឹងមូលហេតុ ខណៈទ្រព្យសម្បត្តិរបស់លោកគឺខ្ទង់ប្រមាណ ៥ ពាន់លានដុល្លារអាមេរិក។
3/ Viktor Bout
បុគ្គលទី ៣ នៅក្នុងបញ្ជីគឺជាសហគ្រិនមួយរូប ដែលបង្កើតទ្រព្យសម្បត្តិតាមរយៈការជួញដូរអាវុធខុសច្បាប់។ លោកបានប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាសរបស់លោកដើម្បីរត់ពន្ធអាវុធខុសច្បាប់ពីបណ្តាប្រទេសនៅអឺរ៉ុបខាងកើតទៅកាន់ក្រុមជីវពល និងអង្គការភេរវកម្មនៅអាហ្វ្រិក និងមជ្ឈិមបូព៌ា។
យ៉ាងណា នៅក្នុងឆ្នាំ ២០០៨ បុរសជនជាតិរុស្ស៊ីត្រូវបានឃាត់ខ្លួននៅប្រទេសថៃ និងបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិកដើម្បីកាត់ទោស និងជាលទ្ធផលតុលាការសម្រេចដាក់ពន្ធនាគារ Bout រយៈពេល ២៥ ឆ្នាំ។
បច្ចុប្បន្ន បុរសវ័យ ៥៤ ឆ្នាំត្រូវបានគេឃុំខ្លួននៅពន្ធនាគារសហរដ្ឋអាមេរិក Marion ខណៈទ្រព្យសម្បត្តិរបស់លោកគឺមានប្រមាណ ៦ ពាន់លានដុល្លារអាមេរិក។
2/ Amado Carrillo Fuentes
ឧក្រិដ្ឋជនមានឥទ្ធិពលបំផុតទី ២ គឺ Amado Carrillo Fuentes ជាស្ដេចគ្រឿងញៀនម៉ិកស៊ិក ដែលចាប់ផ្ដើមដំបូងជាអ្នករត់ពន្ធកូកាអ៊ីនតូចតាចម្នាក់។ តែអ្វីៗចាប់ផ្ដើមប្រែប្រួលនៅពេល Fuentes បានធ្វើឃាតមេក្រុមសង្គមងងឹត Juárez Cartel លោក Rafael Aguilar Guajardo ដែលបានធ្វើឲ្យលោកមានឥទ្ធិពលខ្លាំងនាពេលនោះ។
Fuentes រត់ពន្ធគ្រឿងញៀនតាមរយៈយន្តហោះខ្នាតតូចជាច្រើនគ្រឿង រហូតគេដាក់រហស្សនាមលោកថាជា Lord of The Skies តែបុរសរូបនេះបានស្លាប់នៅឆ្នាំ ១៩៩៧ អំឡុងពេលវះកាត់ប្ដូររូបរាង ដើម្បីគេចពីការតាមចាប់របស់រដ្ឋាភិបាល។ ទ្រព្យសម្បត្តិរបស់លោកគឺមានប្រហែល ២៥ ពាន់លានដុល្លារអាមេរិក។
1/ Pablo Escobar
ចុងក្រោយគេ គឺជាស្ដេចគ្រឿងញៀនល្បីបំផុតលើលោកដែលធ្វើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក និងកូឡុំប៊ីក្រពុលមុខជាខ្លាំង ដោយសារអំណាចដែល Escobar មានទូទាំងផ្ទៃប្រទេស។ ស្ដេចគ្រឿងញៀនកូឡុំប៊ី គឺជាស្ថាបនិកក្រុមសង្គមងងឹត Medellin Cartel និងជាដៃគូសហការរបស់ Carlos Lehder។
ក្នុងទសវត្សឆ្នាំ ១៩៨០ និង ១៩៩០ កូកាអ៊ីនដែលបានចែកចាយពេញសហរដ្ឋអាមេរិកគឺជាការរត់ពន្ធផ្ដាច់មុខដោយ Escobar។ ស្ដេចកូកាអ៊ីនរូបនេះមានឥទ្ធិពលខ្លាំងរហូតត្រូវបានក្រុមហ៊ុន Netflix ចងក្រងប្រវត្តិរបស់លោកបង្កើតជារឿងភាគ ដែលមានការគាំទ្រខ្លាំងទៀតផង។
យ៉ាងណា វាសនានៃស្ដេចគ្រឿងញៀននីមួយៗគឺមិនសូវខុសគ្នាប៉ុន្មានឡើយ ពោលបើមិនជាប់ពន្ធនាគារ គឺមានតែស្លាប់ ដោយ Pablo Escobar ត្រូវបានគេបាញ់សម្លាប់នៅឆ្នាំ ១៩៩៣ ខណៈលោកក៏ត្រូវបានគេចាត់ទុកជាឧក្រិដ្ឋជនមានបំផុតប្រចាំប្រវត្តិសាស្ត្រជាមួយទ្រព្យសម្បត្តិ ប្រហែល ៣០ ពាន់លានដុល្លារអាមេរិក៕
ប្រភព: newspatrolling