អាជ្ញាធរប្រទេសស្រីលង្កាបានដាក់បង្ហាញត្បូងកណ្ដៀងពណ៌ខៀវធម្មជាតិ ដែលអះអាងថាធំបំផុតលើលោក ជាមួយទំងន់ប្រមាណ ៣១០ គីឡូក្រាម ដែលបានរកឃើញកាលពី ៣ ខែមុននៅរ៉ែត្បូង។
អ្នកជំនាញផ្នែកត្បូងនៅក្នុងតំបន់បានសិក្សានិងអះអាងថា ត្បូងកណ្ដៀងពណ៌ខៀវនេះ គឺជាត្បូងដ៏កម្របំផុតមួយនៅលើលោក ដែលមានទំងន់ធ្ងន់ជាង ៣០០ គីឡូក្រាម ស្របពេលស្ថាប័នអន្តរជាតិនានានៅមិនទាន់ចេញមុខបកស្រាយនៅឡើយ។
ដោយឡែក ការដាក់តាំងបង្ហាញនេះគឺធ្វើឡើងនៅផ្ទះរបស់ម្ចាស់រ៉ែត្បូងមួយរូបនៅតំបន់ Horana ដែលមានចំងាយ ៦៥ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុង Colombo។
ត្បូងដ៏ធំមួយនេះ ត្រូវបានរកឃើញនៅតំបន់ Ratnapura ដែលប្រជាជនក្នុងស្រុករមែងរកបានត្បូងជាច្រើនប្រភេទ ហើយការរកឃើញនេះផងដែរ គឺមានការចៃដន្យតែប៉ុណ្ណោះ។ ស្រីលង្កាជាប្រទេសមួយដែលពឹងផ្អែកទៅលើការនាំចេញត្បូង និងពេជ្រផ្សេងៗ ហើយកាលពីឆ្នាំទៅ ប្រទេសមួយនេះរកបានប្រហែលកន្លះពាន់លានដុល្លារដោយសារការនាំចេញត្បូង និងពេជ្រផងដែរ៕
ប្រភព: CNA