ស្ដេចត្រាញ់​​រុស្ស៊ី​ម្នាក់ រក​ចំណូល​​ច្រើន​បំផុត​មិន​ធ្លាប់​មាន មួយថ្ងៃ​បាន​ជិត​ ៥​ពាន់​លាន​ដុល្លារ​

អន្តរជាតិ

លោក Suleiman Kerimov ដែល​ជា​សេដ្ឋកិច្ចវិទូនិង​ជា​សហគ្រិន​មួយ​រូប​បាន​ធ្វើ​ឲ្យ​ពិភពលោក ជា​ពិសេស​គឺ​នៅ​ប្រទេស​រុស្ស៊ី​ផ្ទាល់​តែម្ដង​មាន​ការ​ភ្ញាក់ផ្អើល​ជាមួយ​កំណើន​ទ្រព្យ​សម្បត្តិ​របស់​លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​ការ​ចុះផ្សាយ​ពី Bloomberg Billionaire Index បាន​ឲ្យ​ដឹងថា មហាសេដ្ឋី​រុស្ស៊ី​មាន​ការ​កើន​ចំណូល​ប្រមាណ ៤,៨៣ ពាន់​លាន​ដុល្លារ​ត្រឹម​រយៈពេល​មួយថ្ងៃ​គត់​ពោល​គឺ​កាល​ពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន ទ្រព្យសម្បត្តិ​សរុប​របស់​ម្ចាស់ភាគហ៊ុន​ធំ​នៃ​ក្រុមហ៊ុន​ Polyus កើន​ដល់ ១៥,៤ ពាន់​លាន​ដុល្លារ​អាមេរិក។

ក្រុមហ៊ុន Polyus គឺ​ជា​ក្រុមហ៊ុន​ផលិត​មាស​ធំ​បំផុត​នៅ​រុស្ស៊ី ខណៈ​គ្រួសារ​ត្រកូល Kerimov គឺ​កាន់កាប់​ភាគហ៊ុន​មួយភាគធំ ស្របពេល​ក្រុមហ៊ុន​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​មូស្គូ​ធ្លាប់​ជីក​រ៉ែ​មាស​បាន​ដល់​ទៅ​ជាង ១ ៧០០ តោន និង​ផលិត​ជា​មាស​បាន​ជិត ៨ ម៉ឺន​គីឡូ។

បើ​យោង​តាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ​ក្រុមហ៊ុន និង​ការ​ស្រាវជ្រាវ​ពី Blooberg មហាសេដ្ឋី​រូបនេះ ទទួល​បាន​ច្រើនជាង ៥០០ លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ពី​ភាគលាភ​នៃ​ក្រុមហ៊ុន ស្របពេល​ផ្សារហ៊ុន​រុស្ស៊ី​គឺ​ជា​ការ​វិនិយោគ​ជោគជ័យ​បំផុត​សម្រាប់​មហាសេដ្ឋី​រូបនេះ។

អាច​និយាយ​បាន​ថា​ជា​សំណាង​របស់​លោក​ដូចគ្នា ដ្បិត​កាលពី​ឆ្នាំ ២០០៣ បុរស​រូប​នេះ​ធ្លាប់​បាន​ខ្ចី​បំណុល​ពី​ធនាគារ​រុស្ស៊ី​ដើម្បី​ទិញ​ក្រុមហ៊ុន Gazprom។ ៣ ឆ្នាំ​ក្រោយ មូលធនប័ត្រ​ទីផ្សារ​របស់​ក្រុមហ៊ុន​នេះ​បាន​កើនឡើង​បួន​ដង​។

ក្រៅពី​នោះ មហាសេដ្ឋី​ Kerimov ថែម​ទាំង​បាន​ទិញ​ភាគហ៊ុន​ខ្លះ​នៃ​ធនាគារ Sberbank ដែល​ជា​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ​ធំ​បំផុត ហើយ​ចំណែក​ភាគហ៊ុន​ទាំង​នោះ​មានការ​កើនឡើង ១២ ដង។ សំណាងល្អ​ បុរស​ជនជាតិ​រុស្ស៊ី​បាន​សម្រេច​ចិត្ត​លក់​ភាគហ៊ុន​ទាំង​ Sberbank និង Gazprom នៅ​ឆ្នាំ ២០០៦ បន្ទាប់​ពី​សង​បំណុល​ធនាគារ​អស់ ហើយ​នៅ​ឆ្នាំ ២០០៨ ពិភពលោក​ក៏​បាន​ជួប​ប្រទះ​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​មិន​ធ្លាប់​មាន៕

ប្រភព: nairametrics