ប្រទេសថៃ បានកំណត់គោលដៅនាំចេញអង្ករពី ៧ ទៅ ៧,៥ លានតោន នៅឆ្នាំក្រោយ ពោលគឺជាការកើនឡើងពីការប៉ាន់ស្មាននៅក្នុងចំនួនប្រមាណ ៦ លានតោន នៅឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាល យល់ឃើញថា ទិន្នផលស្រូវនឹងមានការកើនឡើងខ្ពស់ ដោយសារតែការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ និងប្រាក់បាតធ្លាក់ចុះ ដែលធ្វើឲ្យស្រូវថៃកាន់តែមានការប្រកួតប្រជែង ។
ដោយថ្លែងបន្ទាប់ពីកិច្ចពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ របស់ក្រសួងពាណិជ្ជកម្ម លោក Charoen Laothammatas ប្រធានសមាគមអ្នកនាំចេញអង្ករថៃ បាននិយាយថា ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ និងប្រាក់បាតធ្លាក់ចុះ នឹងអាចជំរុញដល់ការនាំចេញអង្ករបានច្រើន នៅឆ្នាំខាងមុខ ។
ជាក់ស្តែង កម្សោយប្រាក់បាត បានធ្វើឲ្យតម្លៃនាំចេញអង្កររបស់ថៃ កាន់តែមានការប្រកួតប្រជែង ដោយអង្ករប្រភេទខ្ទេច ៥% ឥឡូវនេះមានតម្លៃ ៣៦០ ដុល្លារ ក្នុងមួយតោន ពោលគឺទាបជាអង្ករវៀតណាម ដែលមានតម្លៃ ៤៥០ ដុល្លារ ក្នុងមួយតោន ។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក Charoen បាននិយាយថា កង្វះកុងតឺន័រ និងកង្វះកប៉ាល់សម្រាប់ដឹកជញ្ជូន នឹងនៅតែជាកត្តាហានិភ័យ ដែលវាទំនងជានៅតែបន្តរហូតដល់ឆមាសទីមួយនៃឆ្នាំ ២០២២ ។
លោកបានបន្តទៀតថា ប្រទេសថៃត្រូវបានគេរំពឹងថានឹងបញ្ចប់ឆ្នាំនេះទៅ ដោយការនាំចេញអង្ករពី ៦ ទៅ ៦,៣ លានតោន ធៀបនឹងការនាំអង្ករចេញបានចំនួន ៥,៧២ លានតោន កាលពីឆ្នាំមុន ។
តែទោះជាយ៉ាងណា នៅឆ្នាំ ២០២១ នេះ ប្រទេសថៃត្រូវបានគេព្យាករណ៍ថានឹងក្លាយជាប្រទេសនាំចេញអង្ករធំជាងគេទី ៣ របស់ពិភពលោ បន្ទាប់ពីឥណ្ឌា និងវៀតណាម៕
ប្រភព: Bangkok Post