មហាសេដ្ឋី​ ៥ រូប​កើន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត តែ​មិន​មាន Elon Musk ទេ

អន្តរជាតិ

ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​រួច​មកហើយ​ថា Elon Musk គឺ​ជា​មហាសេដ្ឋី​មានបំផុត​លើ​លោក​ជាមួយ​ទ្រព្យ​សម្បត្តិ​ប្រមាណ​ជិត ៣០០ ពាន់​លាន​ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្វី​បើ​លោក​ជា​បុគ្គល​មាន​ទ្រព្យ​ច្រើន​បំផុត​ពិតមែន តែ​បើ​និយាយ​ពី​ការ​កើន​ចំណូល​ធៀប​នឹង​ឆ្នាំទៅ បុរស​វ័យ ៥០ ឆ្នាំ​មិនមែន​ជា​បុគ្គល​មាន​ការ​កើន​ចំណូល​ខ្ពស់​បំផុត​ឡើយ​ពោល​ ជាក់​ស្ដែង​មហាសេដ្ឋី​ជាង ៤០០ នាក់​នៅ​អាមេរិក​កើន​ទ្រព្យ​ជាង ៤០% បើ​ធៀប​នឹង​ឆ្នាំ​ទៅ ខណៈ​ជា​មធ្យម​គឺ​កើន​បាន ២២២% និង​ទាប​បំផុត​គឺ ១៣១%។

តទៅ​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី ៥ រូប​ដែល​មាន​អត្រា​កើន​ទ្រព្យ​សម្បត្តិ​ខ្ពស់​បំផុត​ប្រចាំ​ឆ្នាំ ២០២១ ដោយ​យោង​តាម​ការ​ចុះផ្សាយ​ពី Forbes៖

5/ Bobby Murphy

ជា​សហ​ស្ថាបនិក​បណ្ដាញ​សង្គម Snapchat ខណៈ​បច្ចុប្បន្ន​ទ្រព្យសម្បត្តិ​របស់​លោក​មាន ១៥,២ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​វា​កើនឡើង​ដល់​ទៅ ២២៣% បើ​គិត​ជា​ទឹកប្រាក់​គឺ ១០,៥ ពាន់​លាន​ដុល្លារ។

ការ​កើនឡើង​ដ៏​សម្បើម​នេះ​ផង​ដែរ គឺ​ដោយសារ​តម្លៃ​ភាគហ៊ុន​របស់ Snapchat មាន​ការ​ឡើង​ថ្លៃ​ ស្របពេល​អចលនទ្រព្យ​នៅ​ទីក្រុង California របស់​លោក​ក៏​ត្រូវ​ប៉ាន់​ដូចគ្នា។

4/ Joe Gebbia

ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Airbnb ដែល​បច្ចុប្បន្ន​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១០,៨ ពាន់​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ឆ្នាំ​ទៅ​កើន​ដល់ ២៤៨% ឬ​ប្រមាណ ៧,៧ ពាន់​លាន​ដុល្លារ​អាមេរិក។ Gebbia បាន​បរិច្ចាគ​ទឹកប្រាក់​ផ្ទាល់​ខ្លួន​ប្រមាណ ២៥ លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​ជួយ​ដល់​ប្រជាជន​គ្មាន​កន្លែង​ស្នាក់នៅ​នៅ​ទីក្រុង San Francisco និង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ Airbnb.org ដែល​ជា​ស្ថាប័ន​ជួយ​ដល់​ជនភៀសខ្លួន​មិន​គិត​ពី​ប្រាក់​កម្រៃ។

3/ Vinod Khosla

ជា​វិនិយោគិន​មួយ​រូប​ជោគជ័យ​ជាមួយ​នឹង​ការ​បណ្ដាក់ទុន​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន ដូចជា​ក្រុមហ៊ុន Affirm និង​ក្រុមហ៊ុន​ដឹកជញ្ជូន​អាហារ DoorDash ជាដើម ស្របពេល​ថ្មីៗនេះ​មាន​ដំណឹង​ថា​ លោក​កំពុង​សិក្សា​ចង់​បណ្ដាក់ទុន​ជាមួយ Alphabet ថែមទៀត។

Khosla ​បច្ចុប្បន្ន​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ៨,៦ ពាន់​លាន​ដុល្លារ ដែល​នេះ​គឺ​ជា​ការ​កើនឡើង ២៥៨% ឬ​ ៦,២ ពាន់​លាន​ដុល្លារ​អាមេរិក​បើ​ធៀប​នឹង​ឆ្នាំ​ទៅ។

2/ Brian Chesky

ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Airbnb ដែល​ធ្លាប់​ត្អូញត្អែរ​កាលពី​មាន​ជំងឺ​រាតត្បាត​ថា ជា​ដំណាក់កាល​ពិបាក​បំផុត​នៅ​ក្នុង​ជីវិត​របស់​លោក តែ​ពេលនេះ​អ្វីៗ​ត្រូវបាន​ផ្លាស់ប្ដូរ ដោយសារ​ទ្រព្យសម្បត្តិ​របស់​លោក​មាន ១២,៥ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​កើន​បាន ៩,៤ ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំទៅ ពោល​កើន​ដល់​ទៅ ៣០៣%។

1/ Dan Gilbert

បុគ្គល​ឈរ​ឈ្មោះ​ជា​មហាសេដ្ឋី​កើន​ចំណូល​ច្រើន​បំផុត​ធៀប​នឹង​ឆ្នាំ​ទៅ​គឺ សហគ្រិន​ជនជាតិ​អាមេរិក​ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៣០,៩ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​វា​កើន​ដល់​ទៅ ២៣,៤ ពាន់​លាន​ដុល្លារ​អាមេរិក ឬ ៣១២% បើ​ធៀប​នឹង​ឆ្នាំ​ទៅ។

កត្តា​ដែល​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​របស់​លោក​កើន​យ៉ាង​គំហុក​បែបនេះ គឺ​ដោយសារ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន Rocket Companies មាន​ការ​ឡើង​ថ្លៃ​ខ្លាំង ស្របពេល​ហាង​លក់​ស្បែកជើង​តាម​អនឡាញ StockX របស់​លោក​ក៏​មាន​អតិថិជន​ច្រើន​​លើសលប់​ផង​ដែរ​នៅ​ឆ្នាំ​នេះ។

បញ្ជាក់​ដែរ​ថា ស្ថិតិ​ខាងលើ​គឺ​ជា​ការ​ស្រង់​មតិ​ដោយ​គេហទំព័រ Forbes ដែល​បាន​គិត​ត្រឹម​ចុង​ត្រីមាស​ទី ៣ ប្រចាំ​ឆ្នាំ ២០២១ ដើម្បី​គណនា​ពី​ទំហំ​នៃ​ការ​កើន​ទ្រព្យ​នៃ​មហាសេដ្ឋី​ទូទាំង​ពិភពលោក៕

ប្រភព: Forbes