ក្រុម​វិនិយោគិន​ប្ដឹង​ក្រុមហ៊ុន Tesla ក្រោយ​ Elon Musk បង្ហោះ​សារ​លក់​ភាគហ៊ុន ១០% កន្លង​ទៅ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន Tesla Inc ទើប​នឹង​ទទួល​ពាក្យ​បណ្ដឹង​ក្រោម​ការ​ចោទប្រកាន់​ពី​ក្រុម​វិនិយោគិន ចំពោះ​សកម្មភាព​របស់​នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន Elon Musk ដែល​បាន​បង្ហោះ​សារ​នៅ​លើ Twitter អំពី​ការ​លក់​ភាគហ៊ុន ១០% កន្លង​ទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិនិយោគិន David Wagner បាន​ស្នើ​សុំ​សិទ្ធិ​សម្រាប់​ពិនិត្យ​មើល​ថា តើ Tesla និង Elon Musk បាន​បំពាន​លើ​​កិច្ចព្រមព្រៀង​ជាមួយ​និយតករ​មូលបត្រ​របស់​សហរដ្ឋអាមេរិក​ ហើយ​សមាជិកក្រុម​ប្រឹក្សាភិបាល​របស់ខ្លួន​បានបរាជ័យ​ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​កាតព្វកិច្ច​សម្រាប់​​ទំនួល​ខុសត្រូវ​របស់​ពួកគេ​ដែរ​ឬ​អត់។

រំលឹក​ដែរ​ថា តម្លៃ​ហ៊ុន​របស់ Tesla បាន​ហក់ឡើង​ដល់​ចំណុច​ខ្ពស់​បំផុត​ តែ​នៅ​ពេល​ដែល Musk បាន​និយាយ​កាលពី​ថ្ងៃ​ទី ០៦ ​វិច្ឆិកា​ថា លោក​នឹង​លក់​ភាគហ៊ុន ១០% ប្រសិន​បើ​អ្នក​គាំទ្រ​លើ Twitter បោះឆ្នោត​យល់ព្រម បាន​ធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​នៃ Tesla ធ្លាក់​ចុះ​ប្រហែល​ ១/៤។

ដោយឡែក ពាក្យ​បណ្ដឹង​ដែល​ដាក់​ទៅ​កាន់​តុលាការ Delawar Court of Chancery កាលពី​ថ្ងៃ​ព្រហស្បតិ៍​ គឺ​ស្នើ​សុំ​ស្រាវជ្រាវ​អំពី​កំណត់ត្រា និង​ឯកសារ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​បង្ហោះ​សារ​លើ Twitter នោះ ថា​តើ​នេះ​គឺជា​ការ​រៀបចំទុក​មុន ឬ​ក៏​យ៉ាងណា។

បញ្ជាក់​ដែរ​ថា កាលពី​ឆ្នាំ ២០១៨ កន្លង​ទៅ Musk ក៏​ធ្លាប់​បាន​ទទួល​ពាក្យ​បណ្ដឹង​ម្ដង​ហើយ​ពី​ខាង គណៈកម្មការ​មូលបត្រ សម្រាប់​ការ​បង្ហោះ​សារ​នៅលើ Twitter ដែល​បង្ហាញ​ពី​រឿង​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន ហើយ​កាលពី​ខែមីនា​ទៀត​សោត ក៏​មាន​វិនិយោគិន​ម្នាក់​ទៀត​ប្ដឹង​លោក​ ដោយសារ​មហាសេដ្ឋី​វ័យ ៥០ ឆ្នាំ​បាន​បញ្ចេញ​ព័ត៌មាន​ខាតបង់​ចំណូល​ពាន់​លាន​ដុល្លារ​របស់​ក្រុម​វិនិយោគិន​ជា​សាធារណៈ៕

ប្រភព: Kelo