រហូតមកដល់ពេលថ្មីៗនេះ អ្នកអភិវឌ្ឍន៍ថាមពលកកើតឡើងវិញធំបំផុតរបស់ឥណ្ឌា បានផ្តោតលើការសាងសង់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំ ជាមួយនឹងការប្រើប្រាស់បន្ទះ ដែលមានតម្លៃថោកនាំចូលពីប្រទេសចិន ។
ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុន ReNew Energy Global PLC និងដៃគូសហការណ៍របស់ខ្លួន គ្រោងនឹងផលិតបន្ទះ និងសមាសធាតុដោយខ្លួនឯង ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ប្រទេសឥណ្ឌា ដើម្បីអាចបំបែកខ្លួនចេញពីប្រទេសចិន ចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យ ។
ជាក់ស្តែង ប្រទេសឥណ្ឌា ដែលជាប្រទេសបញ្ចេញឧស្ម័នការបូនធំជាងគេទី ៣ របស់ពិភពលោក បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក គ្រោងធ្វើការប្រយុទ្ធប្រឆាំង ជាមួយការប្រែប្រួលអាកាសធាតុ ជាមួយនឹងការបង្កើនចំនួនប្រើប្រាស់ទៅលើថាមពលដែលអាចកកើតឡើងវិញ ។
ប៉ុន្តែជាមួយផែនការដ៏ធំនេះ ឥណ្ឌាមានបំណងចង់បង្កើតឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យដោយខ្លួនឯង ពោលគឺដើម្បីចៀសវាងពីការពឹងផ្នែកទៅលើប្រទេសដៃគូប្រជែងដ៏សំខាន់ក្នុងតំបន់ ។
រំលឹកផងដែរថា អំឡុងសន្និសីទស្តីពីកាសធាតុ COP26 កាលពីខែមុននៅឯទីក្រុង Calsgow នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា ប្រទេសរបស់លោកនឹងលុបបំបាត់ការបំភាយកាបូនទាំងស្រុង នៅត្រឹមឆ្នាំ ២០៧០ ។
លើសពីនេះ លោកនាយករដ្ឋមន្រ្តីរូបនេះ បានសន្យាថាឥណ្ឌា នឹងបំពេញតម្រូវការថាមពលពាក់កណ្តាលរបស់ខ្លួន ជាមួយថាមពលកកើតឡើងវិញ នៅឆ្នាំ ២០៣០ ដោយបង្កើនសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យ ៣ ដង ដល់ជិត ៣០០ ជីហ្គាវ៉ាត់នៅក្នុងទសវត្សរ៍ក្រោយ ដែលស្មើនឹងប្រហែល ៤០% នៃថាមពលដែលពិភពលោកទាំងមូលទទួលបានពីព្រះអាទិត្យក្នុងពេលឥឡូវនេះ ៕
ប្រភព: Bangkok Post