កន្លងទៅ មហាសេដ្ឋីជប៉ុន Yusaku Maezawa បានធ្វើដំណើរកម្សាន្តទៅកាន់លំហអាកាសរយៈពេលដល់ទៅ ១២ ថ្ងៃ ហើយថ្មីៗនេះលោកបានវិលត្រឡប់មកកាន់ផែនដីវិញដោយជោគជ័យ និងបានធ្វើការចុះចតនៅប្រទេសកាហ្សាក់ស្ថាន។

មហាសេដ្ឋីជប៉ុនរូបនេះ ក៏ជាមនុស្សដំបូងដែលក្លាយជាអ្នកទេសចរណ៍តំបូងបង្អស់ដែលបានធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ក្នុងរយៈពេលច្រើនជាង ១ ទសវត្សចុងក្រោយ។
ដោយឡែក សម្រាប់រយៈពេល ១២ ថ្ងៃនៅលំហអាកាស បុរសវ័យ ៤៦ ឆ្នាំរូបនេះ តែងតែចែករំលែកសកម្មភាពប្រចាំថ្ងៃ កំឡុងពេលលោកនៅលំហអាកាសដូចជា របៀបឆុងតែនៅលំហដែលមានទំនាញស្មើសូន្យជាដើម។

ក្រោយធ្វើការចុះចតមិនបានប៉ុន្មានផង មហាសេដ្ឋីខាងលើក៏បង្ហើបទៀតថា លោកនឹងចូលហ្វឹកហាត់ត្រៀមខ្លួនសម្រាប់គម្រោងការយក្សរបស់ SpaceX គឺធ្វើដំណើរជុំវិញឋានព្រះចន្ទនៅឆ្នាំ ២០២៣ ខាងមុខផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានប្រកាសដែរថា នឹងស្វែងរកបេក្ខភាព ៨ រូបផ្សេងទៀតសម្រាប់ការធ្វើដំណើរកម្សាន្តទៅកាន់ឋានព្រះចន្ទនៅឆ្នាំ ២០២៣ ខាងមុខ ខណៈតម្រូវការគឺសាមញ្ញមែនទែន គ្រាន់តែត្រូវការសម្ភាសន៍ឲ្យជាប់ និងធ្វើតេស្តសុខភាពប៉ុណ្ណោះ៕
ប្រភព: gadgets