Brightway Group ក្លាយជាក្រុមហ៊ុនម៉ាឡេស៊ីទី ៥ ដែលអាមេរិក ហាមឃាត់ការនាំទំនិញចូលប្រទេសរបស់ខ្លួន

អន្តរជាតិ

កាលពីថ្ងៃចន្ទម្សិលមិញ ទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក ហៅកាត់ (CBP) បានហាមឃាត់ការនាំចូលទំនិញ ពីក្រុមហ៊ុនផលិតស្រោមដៃ Brightway Group របស់ប្រទេសម៉ាឡេស៊ី បន្ទាប់ពីជាប់សង្ស័យថាបានអនុវត្តការងារដោយប្រើការបង្ខិតបង្ខំ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងនេះ នេះជាការហាមឃាត់លើកទី ៦ ហើយ ក្នុងរយ:ពេល ១៨ ខែកន្លងមកនេះ ទៅលើក្រុមហ៊ុនរបស់ប្រទេសម៉ាឡេស៊ី និងជាលើកទី ៥ ចំពោះវិស័យផលិតស្រោមដៃរបស់ប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៩ មក ។

តែទោះជាយ៉ាងណាក៏ដោយ ខាងក្រុមហ៊ុន Brightway នៅមិនទាន់មានការឆ្លើយតបភ្លាមៗ ចំពោះសំណើសុំឲ្យធ្វើការអធិប្បាយ ជុំវិញករណីនេះនៅឡើយទេ ។

ដោយឡែក CBP បាននិយាយនៅក្នុងសេចក្តីថ្ឡែងការណ៍មួយថា សកម្មភាពនៃការហាមឃាត់ការនាំចូលនេះ គឺធ្វើឡើងដោយផ្អែកទៅលើ ” ព័ត៌មានដែលសមហេតុផលទទួលបានពិការប្រើប្រាស់កម្លាំងពលកម្ម ដោយបង្ខំ នៅក្នុងប្រតិបត្តិការផលិតកម្មរបស់ក្រុមហ៊ុនេះ ” ។

គួរឲ្យដឹងផងដែរថា កាលពីខែធ្នូឆ្នាំមុន មន្ត្រីរបស់ប្រទេសម៉ាឡេស៊ី បានឆ្មក់ចូលទៅក្នុងរោងចក្ររបស់ Brightway ហើយបានរកឃើញកម្មករ ដែលកំពុងរស់នៅក្នុងទូកុងតឺន័រ ខណ:នេះគឺជាលក្ខខណ្ឌការងារដ៏កខ្វកបំផុត ដែលរដ្ឋមន្រ្តីក្រសួងធនធានមនុស្ស លោក M.Saravanan បានប្រដូចពួកគេទៅនឹង “ទសភាពសម័យទំនើប” ។

ហើយប្រហែលមួយខែបន្ទាប់ពីការវាយឆ្មក់ចូលរបស់មន្ត្រីម៉ាឡេស៊ី CBP ក៏បានចាប់ផ្តើមបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុន Brightway តែម្តង ។ យ៉ាងណានេះបើតាមអ្វីដែលបង្ហាញដោយសារព័ត៌មាន Reuters ៕

ប្រភព: Kelo