ដូចប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា Elon Musk ធ្លាប់បានប្រកាសថា នឹងលក់រាល់អចលនទ្រព្យរបស់លោកទាំងអស់គ្មានសល់ ពោលគឺមិនទុកសូម្បីតែផ្ទះមួយខ្នង ដោយសុខចិត្តទៅរស់នៅផ្ទះជួលវិញ។

ដោយឡែកតារាចម្រៀងរ៉េបដ៏ល្បី Kanye West ក៏បានប្រកាសដែរថា លោកមានគម្រោងចង់ប្រែក្លាយផ្ទះដែលមាននៅក្នុងកម្មសិទ្ធិរបស់លោកទាំងអស់ទៅជាវិហារ ឬក៏មណ្ឌលកុមារកំព្រានៅឆ្នាំក្រោយនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដីអាល្លឺម៉ង់ 032c បុរសខាងលើអះអាងថា លោកនឹងប្រែភូមិគ្រឹះរបស់លោកទាំងអស់ទៅជាព្រះវិហារ ហើយជាលទ្ធផលលោកនឹងក្លាយជាជនអនាថា (Homeless)។
“ខ្ញុំនឹងក្លាយជាជនអនាថា (Homeless) នៅឆ្នាំក្រោយ។ ខ្ញុំនឹងប្រែក្លាយផ្ទះរបស់ខ្ញុំទាំងអស់ទៅជាព្រះវិហារ ហើយយើងនឹងធ្វើឲ្យមណ្ឌលកុមារកំព្រាមួយនេះក្លាយជាផ្ទះរបស់មនុស្សគ្រប់គ្នា ដែលនរណាៗក៏អាចស្វាគមន៍បាន”។

Kanye West ក៏ធ្លាប់បង្ហើបនៅក្នុងបទសម្ភាសន៍ជាមួយ Drink Champs អំពីចក្ខុវិស័យនៃការក្លាយជាជនអនាថារបស់លោក ដោយលោកចង់ក្លាយជាបុគ្គលម្នាក់ដែលមិនមានផ្ទះជាកម្មសិទ្ធិ តែចង់ទៅទីណា ក៏មានកន្លែងសម្រាប់លោកស្នាក់នៅ។
បញ្ជាក់ដែរថា បច្ចុប្បន្ន Kanye West មានទ្រព្យសម្បត្តិសរុបប្រមាណ ១,៨ ពាន់លានដុល្លារអាមេរិក ហើយសម្រាប់គោលបំណងនៃការក្លាយជាជនអនាថារបស់លោក គឺមិនដឹងថាអាចក្លាយជាការពិតបានដែរឬយ៉ាងណា តែបើក្រឡេកមើលទៅកាន់ Elon Musk គឺលោកពិតជាគោរពតាមពាក្យសន្យាដោយលក់អស់ផ្ទះសម្បែង ហើយបច្ចុប្បន្នគឺស្នាក់នៅផ្ទះជួល៕
ប្រភព: allhiphop