នៅថ្ងៃអង្គារទី ២១ ធ្នូនេះ ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមដំណើរការសាងសង់ តំបន់ឧស្សាហកម្មថ្មីមួយ នៅលើកោះ Borneo ដែលក្រុមមន្ត្រីបាននិយាយថា ប្រទេសខ្លួនមានគោលបំណងបង្កើតរោងចក្រផលិតរបស់របរមួយចំនួន ដែលមានដូចជាគ្រឿងអេឡិចត្រូនិក (បន្ទះឈីប) អាគុយលីចូមអ៊ីយ៉ុង បន្ទះស្រូបពន្លឺព្រះអាទិត្យ និងផលិតផលអាលុយមីញ៉ូម ដែលទាញចេញពីប្រភពថាមពលវារីអគ្គិសនីក្នុងតំបន់នោះ ។
ប្រធានាធិបតីលោក Joko Widodo បាននិយាយនៅក្នុងពិធីបើកការដ្ឋានថា តំបន់ឧស្សាហកម្មថ្មីនេះ នឹងមានទីតាំងនៅក្នុងខេត្ត Kalimantan ស្ថិតនៅភាគខាងជើងនៃកោះ Borneo ដោយគ្របដណ្តប់នៅលើផ្ទៃដីប្រមាណ ៣០ ០០០ ហិចតា ដោយមានការចូលរួមវិនិយោគពីសំណាក់ប្រទេសចិន និងអារ៉ាប់រួមផងដែរ ។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលបានបញ្ជាក់ទៀតថា គម្រោងដ៏ធំមួយនេះ នឹងផ្តោតទៅលើឧស្សាហកម្មបៃតង ដោយសារតែវានឹងត្រូវប្រើប្រាស់ថាមពល ដែលទាញចេញពីគម្រោងវារីអគ្គិសនី ដែលបានគ្រោងទុក ។
លើសពីនេះ ទេសរដ្ឋមន្ត្រី លោក Luhut Pandjaitan បាននិយាយនៅក្នុងពិធីដដែលនោះថា ការវិនិយោគនឹងមានទំហំទឹកប្រាក់រហូតដល់ទៅ ១២ ពាន់លានដុល្លារ សម្រាប់តែគម្រោងវារីអគ្គិសនីតែមួយ ហើយជិត ១ ពាន់លានដុល្លារផ្សេងទៀត សម្រាប់សាងសង់កំពង់ផែ ។
បន្ថែមពីនេះ លោក Luhut បាននិយាយទៀតថា គម្រោងនេះ កំពុងតែត្រូវបានដឹកនាំដោយក្រុមហ៊ុន PT Kalimantan Industrial Park Indonesia (KIPI) ដែលជាម្ចាស់ដីសម្រាប់ប្រើប្រាស់ធ្វើជាកន្លែងបង្កើតសួនឧស្សាហកម្មមួយនោះ ខណ:ក្រុមហ៊ុន KIPI នេះផងដែរ ត្រូវបានគេដឹងថាជាកម្មសិទ្ធិរបស់ មហាសេដ្ឋីធ្យូងថ្ម Garibaldi Thohir ៕
ប្រភព: CNA