កាលពីពេលថ្មីៗនេះ មហាសេដ្ឋីបារាំង Vincent Bollore ទើបនឹងទទួលបានសំណើជាទឹកប្រាក់ប្រមាណ ៥,៧ ពាន់លានដុល្លារអឺរ៉ូ ឬ ៦,៤៣ ពាន់លានដុល្លារអាមេរិក ពីក្រុមហ៊ុន Mediterranean Shipping Company ហៅកាត់ MSC សម្រាប់ការដេញថ្លៃក្រុមហ៊ុនដឹកជញ្ជូនរបស់លោក។

ក្រុមហ៊ុន Bollore SE បានប្រកាសដាក់ដេញថ្លៃកាលពីថ្ងៃច័ន្ទកន្លងទៅ ហើយសំណើដែលទទួលបានពីក្រុមហ៊ុន MSC ដែលជាក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រធំបំផុតទី ២ លើលោកបានធ្វើការដេញថ្លៃភ្លាមៗ ក្រោយមហាសេដ្ឋីបារាំងប្រកាសចូលនិវត្តន៍។

ក្រឡេកទៅមើលរបាយការណ៍របស់ Bollore គឺហាក់មានការធ្លាក់ចុះគួរសម បន្ទាប់ពីមានកំណើនដៃគូប្រជែងទាំងនៅតំបន់អឺរ៉ុប ចិន និងមជ្ឈិមបូព៌ា រហូតធ្វើឲ្យចំណូលប្រចាំឆ្នាំរបស់ Bollore Africa Logistics ធ្លាក់ចុះ ១០% កាលពីឆ្នាំទៅ។
រំលឹកដែរថា ការប្រកាសដាក់ដេញថ្លៃក្រុមហ៊ុនដឹកជញ្ជូន Bollore Africa Logistics នេះគឺធ្វើឡើងកាលពី ២ ខែមុន ខណៈលោក Vincent Bollore តែងតែបង្ហើបជារឿយៗថា នឹងចូលនិវត្តន៍នៅថ្ងៃទី ១៧ កុម្ភៈ ២០២២ ដែលជាគម្រប់ខួបទី ២០០ ឆ្នាំនៃក្រុមហ៊ុនមេ។

ដោយឡែក ក្រុមហ៊ុន Bollores Africa Logistics នេះផងដែរ គឺជាប្រភពចំណូលរបស់បុគ្គលិកប្រមាណ ២០ ៨០០ នាក់ និងមានសម្បទានចំណតកុងតឺន័រ ១៦ កន្លែង ស្របពេល MSC គឺជាក្រុមហ៊ុនស៊្វីស និងអ៊ីតាលី គ្រប់គ្រងដោយគ្រួសារ Aponte និងមានកេរឈ្មោះល្បីលើវិស័យផលិតនាវាធំៗលើលោកផងដែរ៕
ប្រភព: Reuters