ក្រុមហ៊ុនសម្ភារៈកីឡាខ្នាតយក្ស Nike ត្រូវបានគេរាយការណ៍មកថា មានការកើនឡើងផ្នែកចំណូលប្រចាំត្រីមាសនៅអាមេរិកខាងជើង បើទោះជាសង្វាក់ផលិតកម្មនៅប៉ែកអាស៊ីមានការធ្លាក់ចុះដោយសារ កង្វះពលកម្មតាមរោងចក្រនានា។
តែជាមួយគ្នានោះ អាចនិយាយបានថាជាសំណាងរបស់ Nike ពោលដោយសារកង្វះផ្គត់ផ្គង់ពីរោងចក្រនៅតំបន់អាស៊ី បានធ្វើឲ្យផលិតផលនៅអាមេរិកខាងជើង និងមជ្ឈិមបូព៌ាទាំងអស់ត្រូវប៉ាន់ជាខ្លាំង។
ជាក់ស្ដែង ការទិញនៅតាមហាងនៅអាមេរិកខាងជើងមានសន្ទុះខ្លាំងជាងមុន ស្របពេលការបញ្ជាទិញតាមអនឡាញពីភាគខាងកើត និងខាងលិចនៅសហរដ្ឋអាមេរិកក៏មានការកើនឡើងខ្លាំងដូចគ្នា។
តែបើក្រឡេកទៅមើលការលក់នៅចិន និងនៅអាស៊ីប៉ាស៊ីហ្វិក អាមេរិកឡាទីន គឺសុទ្ធតែមានការធ្លាក់ចុះ ហើយខាងក្រុមហ៊ុន Nike គ្រាន់តែបញ្ជាក់ថា ដោយសារកង្វះខាតផ្នែកផលិតកម្ម ព្រោះរោងចក្រផលិតត្រូវបានបិទទ្វារដោយសារការរាតត្បាតកូវីដ ១៩។
បញ្ជាក់ដែរថា ប្រាក់ចំណូលសុទ្ធរបស់ Nike បានកើនឡើង ៧% ដល់ ១,៣ ពាន់លានដុល្លារលើការកើនឡើងមួយភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំដល់ ១១,៣ ពាន់លានដុល្លារសម្រាប់ត្រីមាសដែលបញ្ចប់នៅថ្ងៃទី ៣០ ខែវិច្ឆិកា ដែលជាត្រីមាសទីពីររបស់ក្រុមហ៊ុន Nike សម្រាប់សារពើពន្ធឆ្នាំ ២០២២។
ប្រភព: bangkokpost