ហាងលក់អាហារសម្រន់ ដ៏ល្បីល្បាញ McDonald’s បានធ្វើការប្រកាសថា ខ្លួននឹងចាប់ផ្តើមកាត់បន្ថយការលក់ដំឡូងបំពងដ៏ពេញនិយមនៅក្នុងប្រទេសជប៉ុនរយ:ពេលមួយសប្តាហ៍ ដោយសារតែការពន្យាពេលនៃការដឹកជញ្ជូនពីប្រទេសកាណាដា ព្រោះទឹកជំនន់ និងបញ្ហាជំងឺរាតត្បាតកូវីដ ១៩ ។
ជាក់ស្តែង McDonald’s Holdings Japan បានប្រកាសកាលពីថ្ងៃអង្គារថា ចាប់ពីថ្ងៃសុក្រ រហូតដល់ថ្ងៃទី ៣០ ខែធ្នូ ហាងចំនួន ២ ៩០០ នៅក្នុងប្រទេសជប៉ុន នឹងផ្តល់ជូនតែដំឡូងបំពងកញ្ចប់តូចប៉ុណ្ណោះ ចំណែកឯខ្នាតកណ្តាល និងធំត្រូវបានផ្អាក ដើម្បីចៀសវាងការខ្វះខាត ។
យ៉ាងណា ក្រុមហ៊ុនខាងលើ បាននិយាយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយសារតែទឹកជំនន់ដ៏ធំនៅជិតកំពង់ផែទីក្រុង Vancouver (ភាគខាងលិចប្រទេសកាណាដា) និងការរំខានក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល ដោយសារជំងឺកូវីដ ១៩ ដូច្នេះទើបបានជាងយើងកំពុងជួបប្រទះនូវការពន្យាពេល ទៅលើការផ្គត់ផ្គង់ ” ។
ក្រុមហ៊ុនបានពន្យល់ទៀតថា ខ្លួនបានចាត់វិធានការទៅលើបញ្ហានេះភ្លាមៗ ដើម្បីធានាបានថា អតិថិជនរបស់ហាង នៅតែអាចទទួលបានដំឡូងបំពងដ៏ឈ្ងុយឆ្ងាញ់របស់ខ្លួន បើទោះបីជាមានភាពលំបាក ក្នុងការផ្គត់ផ្គង់អាហារដ៏ចម្បងដែលមិនអាចខ្វះបានរបស់ហាងមួយនេះ ក៏ដោយ ។
មិនតែប៉ុណ្ណោះ ការខ្វះខាតនេះបានកើតឡើង នៅចំពេលកំពុងខិតជិតដល់រដូវកាលបុណ្យទាន នៅក្នុងប្រទេសជប៉ុន ដែលជារៀងរាល់ឆ្នាំ McDonald’s តែងតែលក់ប្រកួតប្រជែងគ្នា ជាមួយហាង KFC ជានិច្ច ៕
ប្រភព: Euronews