នៅចាំបានទេ Blue Origin ដែលជាក្រុមហ៊ុនផលិតយានអវកាសបានសម្រេចការហោះហើរទៅកាន់លំហអាកាសកាលពីខែកក្កដាដែលគ្រានោះក្រុមហ៊ុនបានប្រកាសថា ម្ចាស់ដេញថ្លៃកៅអីដំបូងមានធុរៈ និងខកខានការធ្វើដំណើរ និងត្រូវលើកទៅពេលក្រោយវិញ។

តាំងពីបើកការដេញថ្លៃកៅអី រហូតដល់ថ្ងៃខកខាន គេនៅមិនទាន់ទម្លាយអត្តសញ្ញាណជនអនាមិកដែលចាយលុយជាង ២០ លានដុល្លារសម្រាប់ការហោះទៅលេងលំហអាកាសឡើយ ទើបតែថ្មីៗនេះប៉ុណ្ណោះ ដែលសាមីខ្លួនចេញអះអាងថា លោកគឺជាម្ចាស់កៅអីយានអវកាស Blue Origin នោះ។
សេដ្ឋីដែលចេញមុខអះអាងនោះគឺ Justin Sun ស្ថាបនិកកាក់ Cryptocurrency ឈ្មោះ TRON ដោយលោកបានអះអាងថា បានចាយលុយ ២៨ លានដុល្លារអាមេរិក ទើបអាចដេញថ្លៃឈ្នះការហោះទៅលំហអាកាសជាមួយ Blue Origin និងខកខានដំណើរកម្សាន្តនៅខែកក្កដា។

“ខ្ញុំបានដេញថ្លៃឈ្នះតាំងពី ៦ ខែមុន តែខកខានការហោះហើរ។ តែមិនអីទេ ព្រោះវាមិនបានបញ្ឈប់ក្ដីស្រមៃនៃការហោះទៅកាន់លំហអាកាសឡើយ។ ដូច្នេះខ្ញុំសូមឆ្លៀតពេលនេះ ស្វែងរកមនុស្ស ៥ នាក់ផ្សេងទៀត សម្រាប់ដំណើរកម្សាន្តទៅកាន់លំហអាកាសជាមួយខ្ញុំ ព្រោះខ្ញុំគិតថាវាជាកន្លែងសម្រាប់មនុស្សគ្រប់គ្នា”។
លោក Sun បញ្ជាក់ទៀតថា សម្រាប់សមាជិក ៥ នាក់ទៀតនោះ នឹងធ្វើការជ្រើសរើសនៅខែបន្ទាប់ៗ ហើយសម្រាប់សមាជិកក្រុមហ៊ុន TRON DAO, វិនិយោគិន TRON និងមនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធចូលរួមទាំងអស់។

បញ្ជាក់ដែរថា សេដ្ឋីចិនវ័យ ៣១ ឆ្នាំរូបនេះ នឹងធ្វើដំណើរកម្សាន្តជាមួយយានអវកាស Blue Origin នាឆ្នាំក្រោយ ជាមួយសមាជិក ៥ រូបផ្សេងទៀត ដែលមិនទាន់ដឹងថាជាអ្នកណាខ្លះនៅឡើយ។ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់សេដ្ឋីរូបនេះគឺមានប្រមាណ លើសពី ២០០ លានដុល្លារ៕
ប្រភព: SCMP