កាលពីពេលថ្មីៗនេះ មានដំណឹងមកថា ក្រុមហ៊ុន Central Group ដែលកំពុងគ្រប់គ្រងពីសំណាក់គ្រួសារត្រកូល Chirathivat ដែលជាគ្រួសារមានទ្រព្យច្រើនបំផុតប្រចាំប្រទេសថៃ បានសហការចាប់ដៃគូជាមួយក្រុមហ៊ុន Signa Holding នៃប្រទេសអូទ្រីសក្នុងការទិញយកក្រុមហ៊ុន Selfridges & Co. ពីគ្រួសារត្រកូល Weston។
ក្រុមហ៊ុនលក់ទំនិញខាងលើដែលធ្លាប់ជាកម្មសិទ្ធរបស់មហាសេដ្ឋីកាណាដា មានទីតាំងលក់រហូតដល់ ១៨ សាខា រាប់បញ្ចូលទាំងសាខានៅលើផ្លូវ Oxford Street ដែលនៅចំកណ្ដាលទីក្រុងឡុងដ៍ និងជាទីប្រជុំជនកកកុញផងដែរ ហើយវាក៏នឹងរាប់បញ្ចូលទាំងសាខាក្រៅប្រទេសដូចជានៅហូឡង់ អៀរឡង់ និងសាខាផ្សេងៗទូទាំងចក្រភពអង់គ្លេស។
ដោយឡែក Central Group បានប្រកាសនៅលើគេហទំព័រផ្លូវការរបស់ពួកគេអំពីការទិញយកក្រុមហ៊ុនខាងលើ ដោយមិនបានបញ្ចេញព័ត៌មានទាក់ទងនឹងផ្នែកហិរញ្ញវត្ថុច្បាស់លាស់ឡើយ។
តែបើតាមការចុះផ្សាយពី Bloomberg បានឲ្យដឹងថា គ្រួសារមហាសេដ្ឋីត្រកូល Weston ទំនងជាសម្រេចចិត្តលក់ Selfridges ក្នុងតម្លៃប្រមាណ ៤ ពាន់លានផោន ឬ ៥,៤ ពាន់លានដុល្លារអាមេរិក។
នាពេលដ៏ខ្លីខាងមុខ Selfridges នឹងបញ្ចូលសាខារបស់ពួកគេជាមួយនឹង Central Group ក៏ដូចជាសាខារបស់ Signa ដែលមានស្រាប់នៅហាងលក់សម្ភារៈ និងគ្រឿងអលង្ការទូទាំងប្រទេសអ៊ីតាលី ដាណឺម៉ាក ស្វីស អាល្លឺម៉ង់ និងអូទ្រីស ខណៈគេជឿថាបើបូកសរុបចំណូលកាលពីឆ្នាំ ២០១៩ ក្រុមហ៊ុនខាងលើទទួលបានជិត ៦ ពាន់លានដុល្លារ ហើយអាចនឹងកើនដល់ច្រើនជាង ៨ ពាន់លានដុល្លារត្រឹមឆ្នាំ ២០២៤៕
ប្រភព: Forbes