ក្រុមហ៊ុនលក់រាយនាំមុខ Aeon របស់ជប៉ុន គ្រោងនឹងបើកផ្សារទំនើប MaxValu របស់ខ្លួន ចំនួន ១០០ កន្លែងបន្ថែមទៀត នៅក្នុងប្រទេសវៀតណាម នៅឆ្នាំ ២០២៥ ចំពេលបរិបទនៃទីផ្សារលក់ត្រី សាច់ បន្លែ ដែលទទួលរងការលំបាកខ្លាំង បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ។
ជាក់ស្តែងបើតាមរបាយការណ៍ពី Nikkei Asia បាននិយាយថា Aeon ដែលបច្ចុប្បន្នមានហាង MaxValu ចំនួន ៤ នៅក្នុងទីក្រុងហាណូយ នឹងធ្វើការបន្ថែមហាងថ្មីៗជាច្រើនទៀត ដែលមានទំហំធំជាង ដើម្បីជាផ្នែកមួយនៃយុទ្ធសាស្រ្តពង្រីកទីផ្សារទាំងមូលរបស់ខ្លួន ។
មិនតែប៉ុណ្ណោះ យោងតាមសម្តីរបស់លោក Soichi Okazaki នាយកប្រតិបត្តិ ដែលទទួលបន្ទុកអាជីវកម្មនៅអាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន បាននិយាយថា ” វៀតណាមគឺជាទីផ្សារដ៏សំខាន់បំផុត សម្រាប់យុទ្ធសាស្រ្តក្រៅប្រទេសរបស់យើង “ ។
លើសពីនេះ Aeon ក៏បានបន្ថែមទៀតផងដែរថា ខ្លួនគ្រោងនឹងបង្កើនមជ្ឈមណ្ឌលផ្សារទំនើប នៅក្នុងប្រទេសវៀតណាមដល់ ១៦ ទីតាំង នៅត្រឹមឆ្នាំ ២០២៥ ពីចំនួន ៦ ក្នុងពេលបច្ចុប្បន្ន ។
គួរឲ្យដឹងទៀតថាក្រុមហ៊ុន Aeon ដែលបានបណ្តាក់ទុន ចំនួន ១,១៨ ពាន់លានដុល្លារ ក្នុងប្រទេសវៀតណាម ក៏មានបំណងចុះបញ្ជីភាគហ៊ុននៅលើទីផ្សារភាគហ៊ុនវៀតណាម និងសម្របសម្រួលដល់ការនាំចេញគ្រឿងសមុទ្រវៀតណាម សម្លៀកបំពាក់ និងផលិតផលផ្សេងទៀត ទៅកាន់ប្រទេសជប៉ុនផងដែរ ៕
ប្រភព: VN Express