មហាសេដ្ឋី​មាន​បំផុត​នៅ​ហុងកុង​ប្រកាស​លក់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ២ បាន​ប្រាក់​ជាង ៤ ពាន់​លាន​ដុល្លារ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុនមេ CK Asset Holdings Ltd. បាន​ប្រកាស​ថា ពួកគេ​នឹង​ដក​ខ្លួន​ចេញ​ពី​វិស័យ​ជួល​យន្តហោះ ដោយសារ​ផល​ប៉ះពាល់​ពី​ការ​រាតត្បាត​កូវីដ ១៩ និង​បាន​លក់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ២ ទៅ​កាន់​ក្រុមហ៊ុន Maverick Aviation Partnership LP ក្នុង​ទំហំ​ទឹកប្រាក់ ៤,២៨ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ក្រុមហ៊ុន​របស់​មហាសេដ្ឋី​ហុងកុង​បាន​លក់​ Accipiter Finance ក្នុង​តម្លៃ​ប្រមាណ ២,៤៤ ពាន់​លាន​ដុល្លារ និង Manchester Aviation Finance ក្នុង​តម្លៃ​ប្រហែល ១,៨៤ ពាន់​លាន​ដុល្លារ​ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ទិន្នន័យ​នៃ​ទីផ្សារ​ហ៊ុន​ហុងកុង​កាលពី​ថ្ងៃសុក្រ។

បើ​តាម​ការ​អះអាង​ពី CK Asset បាន​ឲ្យ​ដឹង​ថា ការ​លក់​ខាងលើ​អាច​ផ្ដល់​ផល​ចំណេញ​ប្រមាណ ១៧០ លាន​ដុល្លារ​ ស្របពេល​ការ​រាតត្បាត​កូវីដ ១៩ កន្លង​ទៅ​បាន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ការ​ជួល​យន្តហោះ​របស់​ក្រុមហ៊ុន។

បញ្ជាក់​ដែរ​ថា តម្លៃ​ហ៊ុន​របស់ CK Asset គឺ​បាន​កើនឡើង ៣,៣% នៅ​ផ្សារហ៊ុន​ហុងកុង ដែល​នេះ​គឺ​ជា​ការ​កើនឡើង​ខ្ពស់​បំផុត​ប្រចាំ​ខែ។

ដោយឡែក លោក Li Ka-shing ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន CK Asset ធ្លាប់​បាន​និយាយ​ថា អាជីវកម្ម​ជួល​យន្តហោះ​របស់​លោក​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ និង​ទើប​មាន​ស្ថិរភាព​កាលពី​ឆ្នាំ ២០១៤ មក​ទល់​ពេលនេះ៕

ប្រភព: bnnbloomberg