យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញការពីថ្ងៃអាទិត្យថា ទិន្នផលសេដ្ឋកិច្ចរបស់ពិភពលោក នឹងកើនឡើលើស ១០០ ទ្រីលានដុល្លារ ជាលើកដំបូង នៅឆ្នាំក្រោយ ស្របពេលប្រទេសចិន នឹងត្រូវការពេលយូរបន្តិច ដើម្បីអាចវ៉ាដាច់ សហរដ្ឋអាមេរិកក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី ១ របស់ពិភពលោក ។

ជាក់ស្តែង ទីប្រឹក្សាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីសេដ្ឋកិច្ច និងធុរកិច្ច ហៅកាត់ (Cebr) របស់អង់គ្លេស បានធ្វើការព្យាករថា ចិននឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី ១ របស់ពិភពលោក ក្នុងឆ្នាំ ២០៣០ ពោលគឺយឺតជាង ២ ឆ្នាំ ពីការព្យាករទុកនៅឆ្នាំមុន របស់ស្ថានប័ន Economic League Table ។

មិនតែប៉ុណ្ណោះ Cebr បាននិយាយទៀតថា ប្រទេសឥណ្ឌា នឹងយកឈ្នះទៅលើប្រទេសបារាំង នៅឆ្នាំ ២០២២ ហើយនឹងបន្តវ៉ាដាច់ប្រទេសអង់គ្លេស នៅឆ្នាំ ២០២៣ ដើម្បីដណ្តើមយកតំណែង ជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ ទី ៦ របស់ពិភពលោក ។
លោក Douglas McWilliams អនុប្រធាន Cebr បាននិយាយថា ៖ ” បញ្ហាសំខាន់សម្រាប់ឆ្នាំ ២០២០ គឺជាពេលដែលបណ្តាសេដ្ឋកិច្ចពិភពលោករកវិធីទប់ទល់នឹងអតិផរណា ដែលឥឡូវនេះបានឈានដល់ ៦,៨% នៅក្នុងសហរដ្ឋអាមេរិក ” ។
លោកបន្តទៀតថា ៖ ” បើសិនទប់ទល់ជាមួយអតិផរណាមិនបានទេ នោះពិភពលោក នឹងត្រូវត្រៀមខ្លួន ដើម្បីទប់ទល់សម្រាប់វិបត្តិសេដ្ឋកិច្ច នៅឆ្នាំ ២០២៣ ឬ ២០២៤ ទៀត ” ។

បន្ថែមពីនេះ របាយការណ៍ខាងលើ ក៏បានបង្ហាញទៀតថា ប្រទេសអាល្លឺម៉ង់ កំពុងតែស្ថិតនៅលើផ្លូវ ដើម្បីឆ្ពោះទៅរកការវ៉ាដាច់ប្រទេសជប៉ុន ក្នុងលក្ខខណ្ឌនៃទិន្នផលសេដ្ឋកិច្ច នៅឆ្នាំ ២០២៣ ស្របពេលប្រទេសរុស្ស៊ី អាចស្ថិតនៅក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចកំពូលទាំង ១០ នៅឆ្នាំ ២០៣៦ ហើយប្រទេសឥណ្ឌូនេស៊ី អាចជាប់នៅចំណាត់ថ្នាក់លេខ ៦ នៅឆ្នាំ ២០៣៤ ផងដែរ ៕
ប្រភព: Kelo