ក្រោយពីបរាជ័យក្នុងការស្នើសុំសញ្ជាតិ និងទិដ្ឋាការពីបណ្ដាប្រទេសនៅតំបន់អឺរ៉ុបជាច្រើនលើកច្រើនសាររួចមក ពេលនេះមហាសេដ្ឋីរុស្ស៊ី Roman Abramovich ទទួលបានសញ្ជាតិថ្មីមួយពីប្រទេសនៅទ្វីបអឺរ៉ុបគឺ ប្រទេសព័រទុយហ្គាល់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានជាច្រើន។

Abramovich បានក្លាយជាពលរដ្ឋនៃសមាជិកសហភាពអឺរ៉ុប បន្ទាប់ពីលោកបានដកពាក្យស្នើសុំសញ្ជាតិនៅប្រទេសស្វីសដែលមិនមែនជាសមាជិកតំបន់អឺរ៉ុបកាលពីឆ្នាំ ២០១៧ ជុំវិញការព្រួយបារម្ភពីសុវត្ថិភាពសាធារណៈ ស្របពេលចក្រភពអង់គ្លេសបដិសេធមិនព្រមបន្តទិដ្ឋាការថ្មីជូនលោកកាលពីឆ្នាំ ២០១៨។

ដោយឡែក មន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសព័រទុយហ្គាល់បានធ្វើការអនុម័តសម្រាប់ការដេញថ្លៃយកសញ្ជាតិរបស់ Abramovich កាលពីថ្ងៃទី ១៣ មេសា ២០២១។
យោងតាមការចុះផ្សាយពី Jewish News Syndicate បានឲ្យដឹងថា Abramovich គឺជាសមាជិកកិត្តិយសនៃអង្គការជ្វីហ្វព័រទុយហ្គាល់ជាច្រើន ខណៈប្រទេសព័រទុយហ្គាល់បានផ្តល់លិខិតឆ្លងដែនតាំងពីឆ្នាំ ២០១៥ ដល់អ្នកដែលអាចបញ្ជាក់ពីទំនាក់ទំនងគ្រួសារទៅនឹងសាសន៍យូដា Sephardi ដែលត្រូវបានបណ្តេញចេញ ឬបង្ខំឱ្យប្តូរទៅជាគ្រិស្តសាសនានៅចុងបញ្ចប់នៃសតវត្សទី ១៥។

បញ្ជាក់ដែរថា ម្ចាស់ក្លឹបបាល់ទាត់ Chelsea ដែលមានទ្រព្យសម្បត្តិប្រមាណ ១៤,៤ ពាន់លានដុល្លារ បានក្លាយជាអ្នកមានបំផុតនៅព័រទុយហ្គាល់ដោយស្វ័យប្រវត្តិ បន្ទាប់ពីលោកទទួលបានសញ្ជាតិថ្មីនេះ ស្របពេលលោកក៏ជាបុគ្គលមានបំផុតនៅលីទុយអានីផងដែរ៕
ប្រភព: themoscowtimes