របាយការណ៍ធនាគាពិភពលោកបង្ហាញថា ខាងWorld Bank និងរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានចំនួន ២២១,៥ លានដុល្លារ ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ ១៩ របស់ប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ តាមរយ:ការធ្វើកំណែទម្រង់គោលនយោបាយ ។
សម្រាប់កម្ចីរយ:ពេល ៣០ ឆ្នាំ រួមទាំងរយ:ពេលអនុគ្រោះ ៥ ឆ្នាំនេះ នឹងត្រូវបានផ្តល់តាមរយ:សមាគមអភិវឌ្ឍន៍អន្តជាតិរបស់ធនាគារពិភពលោក (WB) ក្នុងឥណទាន ២២១,៥ លានដុល្លារ ដើម្បីជាការលើកទឹកចិត្តឲ្យមានកំណែទម្រង់គោលនយោបាយ ដោយស្ថិតនៅក្រោមសសរស្តម្ភធំៗពីរ ។
សម្រាប់សសរស្តម្ភទីមួយ គឺគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលរួមបញ្ចូលទាំងការបន្ធូរបន្ថយបន្ទុកពន្ធលើសហគ្រាស ការកែលម្អលទ្ធភាពទទួលបានជំនួយហិរញ្ញវត្ថុ ក្នុងចំណោមក្រុមហ៊ុនងាយរងគ្រោះ ការបង្រួមគម្លាតយេនឌ័រនៅកន្លែងធ្វើការ និងលើកកម្ពស់ដល់ការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ ។
ដោយឡែកសម្រាប់ សសរស្តម្ភទី ២ វិញ គឺជួយដល់គោលនយោបាយពាណិជ្ជកម្មបៃតង ការពន្លឿនដល់ការអនុម័តរដ្ឋាភិបាលអេឡិចត្រូនិក និងពង្រីកការទាញយកថាមពលកកើតឡើងវិញ យកមកប្រើប្រាស់ផងដែរ ។
យ៉ាងណា ល្បឿននៃកំណែទម្រង់ ត្រូវបានគេរំពឹងថានឹងពន្លឿនជាផ្នែកៗ នៃកញ្ចប់ថវិកាស្តារឡើងវិញ ដែលត្រូវពិភាក្សានៅក្នុងរដ្ឋសភាវៀតណាម ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេស នៅសប្តាហ៍ក្រោយ ។
លើសពីនេះ លោកស្រី Carolyn Turk នាយក WB ប្រចាំប្រទេសវៀតណាម បាននិយាយថា ៖ ” ខ្ញុំជឿជាក់ថា សកម្មភាពគោលនយោបាយជាច្រើន ដែលគាំទ្រដោយប្រតិបតិត្តការនេះ នឹងមិនត្រឹមតែបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការងើបឡើងវិញយ៉ាងឆាប់រហ័ស ពីវិបតិ្តកូវីដ ១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តល់អត្ថប្រយោជន៍ ដល់ប្រទេសវៀតណាម ក្នុងរយ:ពេលយូរផងដែរ ” ៕
ប្រភព: VN Express