ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ទើបនឹងទទួលបានការបណ្ដាក់ទុនថ្មីដែលគិតជាទឹកប្រាក់ប្រមាណ ៣៣៧,៤ លានដុល្លារ។ នេះបើតាមការបង្ហើបឲ្យដឹងពីក្រុមហ៊ុនកាលពីថ្ងៃពុធ។

ទឹកប្រាក់ប្រមាណជាង ៣០០ លានដុល្លារដែលទើបនឹងទម្លាក់ជូនក្រុមហ៊ុន SpaceX គឺមិនត្រូវបានបង្ហើបឲ្យដឹងពីព័ត៌មានច្បាស់លាស់ឡើយ ដោយគ្រាន់តែដឹងថា បច្ចុប្បន្នទំហំទឹកប្រាក់បណ្ដាក់ទុនរបស់ក្រុមហ៊ុនផលិតយានអវកាសមួយនេះឈានដល់ ១,១៦ ពាន់លានដុល្លារហើយ។

ដោយឡែក ដោយមានការចូលរួមបណ្ដាក់ទុនពីក្រុមហ៊ុនយក្សដូចជា Alphabet និង Fidelity Investments និងវិនិយោគិនជាច្រើននាក់ទៀត បានធ្វើឲ្យមូលធនទីផ្សារក្រុមហ៊ុន SpaceX បានហក់ឡើងដល់ ១០០ ពាន់លានដុល្លារកាលពីខែតុលាកន្លងទៅ។
ទន្ទឹមនឹងនោះ បើតាមការអះអាងពី Morgan Stanley បានឲ្យដឹងដែរថា សេដ្ឋកិច្ចនៃក្រុមហ៊ុនផលិតយានអវកាសមួយនេះអាចនឹងមានតម្លៃដល់ទៅ ១ ទ្រីលានដុល្លារនៅឆ្នាំ ២០៤០ បើសិនជាវានៅតែបង្ហាញសញ្ញាវិជ្ជមានបែបនេះ៕
ប្រភព: Kelo