ព្រឹត្តិការណ៍រដ្ឋប្រហារយោធា នៅប្រទេសភូមា ថ្ងៃទី១កុម្ភៈ បានរុញច្រានប្រទេសនេះ ឲ្យធ្លាក់ចុះក្នុងស្ថានភាពចលាចល ព្រមទាំងអាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរថែមទៀតផង។ គិតមកត្រឹមពេលនេះ គឺមានរយៈពេល១១ខែហើយ ដែលចលនាបាតុកម្មរបស់ប្រជាជនភូមា បានផុសផុលឡើង ទាមទារឲ្យក្រុមយោធា ដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ខណៈសហគមន៍អន្តរជាតិឯណេះ នៅតែមិនអាចចូលរួម ជួយដោះស្រាយអ្វីបានដដែល គឺបានត្រឹមតែថ្កោលទោស និងអំពាវនាវឲ្យបញ្ឈប់អំពើហិង្សាប៉ុណ្ណោះ។

សហភាពអឺរ៉ុប តាមរយៈមន្រ្តីទូតរបស់ខ្លួនបានព្រមាន កាលពីថ្ងៃព្រហស្បតិ៍ ទី ៣០ធ្នូ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម ទៅលើរបបសឹកភូមា។ សហភាពអឺរ៉ុបគាំទ្រផងដែរ ការអំពាវនាវរបស់សហរដ្ឋអាមេរិកដែលចង់ឲ្យមានបម្រាមអន្តរជាតិ លើការលក់ នាំចូលសព្វាវុធ ទៅកាន់ប្រទេសភូមា។
ការប្រមានពីសហភាពអឺរ៉ុប ទំនងកើតឡើងដោយសារ កងកម្លាំងទ័ពព្រៃនៃក្រុមយុទ្ធជនប្រឆាំងរបបសឹកនៅក្រោមរដ្ឋាភិបាលឯកភាពជាតិ កំពុងហ្វឹកហាត់ទ័ពជំនាន់ថ្មី និងកំពុងរៀបចំវាយប្រហារសម្ងាត់ ឬវាយឆ្មក់ទៅលើគោលដៅនៃរបបសឹក និងក្រុមមនុស្សគាំទ្ររបបរដ្ឋប្រហារនេះ ហើយផែនការនេះអាចជាការសងសឹកចំពោះពួកយោធាដែលបានវាយកម្ទេចរថយន្តរបស់ជនស៊ីវិលដោយដុតមនុស្សទាំងរស់ ៣៥នាក់ កាលពីថ្ងៃទី២៤ ខែធ្នូ នៅរដ្ឋកាយ៉ា។ នេះបើតាមសារព័ត៌មានរបស់ប្រទេសភូមាជាច្រើនបានធ្វើសេចក្ដីរាយការណ៍នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
សេដ្ឋកិច្ចភូមា កំពុងរាំងស្ទះសឹងទាំងស្រុង ដោយសារតែបាតុកម្ម កូដកម្ម អស្ថិរភាព និងវិបត្តិនយោបាយនេះ។ នៅដើមខែ កុម្ភៈ ឆ្នាំនេះ សហភាពអឺរ៉ុប បានមូលមតិជាមួយសហរដ្ឋអាមេរិក ដោយបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរបបសឹកភូមា។ មន្រ្តីយោធា និងក្រុមហ៊ុនភូមា ដែលជាប់ពាក់ព័ន្ធនឹងមេដឹកនាំយោធាភូមា ចំនួន៣០បានស្ថិតក្នុងបញ្ជីខ្មៅរបស់សហភាពអឺរ៉ុប។ នេះមានន័យថា ពួកគេមិនអាចដាក់ជើងជាន់ដីសហភាពអឺរ៉ុប ចំណែកទ្រព្យសម្បត្តិរបស់ពួកគេ ដែលមាននៅទឹកដីអឺរ៉ុប ត្រូវគេបង្កកមិនឲ្យបើកយកទៅប្រើប្រាស់បាន។

វិបត្តិនៅតែអូសបន្លាយ ជីវភាពប្រជាជនភូមា កាន់តែលំបាក។ តើប្រទេសដ៏ក្រីក្រមួយនេះ អាចទប់ទល់ បានយូរប៉ុន្មានថ្ងៃ ប៉ុន្មានខែទៀត? យោងតាមការព្យាករណ៍ នៅឆ្នាំ២០២២ ពាក់កណ្តាលនៃប្រជាជនភូមា អាចធ្លាក់ទៅក្នុងជីវភាពក្រីក្រតោកយ៉ាក ដោយសារតែវិបត្តិសេដ្ឋកិច្ច និងនយោបាយ។ យោងតាមតួលេខរបស់ធនាគារពិភពលោក នៅឆ្នាំ២០២១ សេដ្ឋកិច្ចភូមា នឹងដើរថយក្រោយ ចំនួន១០% ខណៈដែលកាលពីឆ្នាំ២០១៩ សេដ្ឋកិច្ចប្រទេសនេះ បានមានកំណើនដល់ទៅ៧%។
នៅមុនរដ្ឋប្រហារថ្ងៃទី១ កុម្ភៈ ប្រជាជនភាគច្រើនរស់ក្នុងតំបន់ឡាំង ថារយ៉ារមានការងារធ្វើនៅក្នុងវិស័យកាត់ដេរសម្រាប់ម៉ាករបស់បស្ចិមលោក។ តែពេលនេះ កូដកម្ម និងអំពើហិង្សាបានបង្ខំឲ្យរោងចក្រជាច្រើនបិទទ្វារ និងមានកម្មករ កម្មការនីជាច្រើននាក់អត់ការងារធ្វើ។ ផលវិបាកកើតចេញពីវិបត្តិកូវីដ១៩ និងវិបត្តិរដ្ឋប្រហារអាចរុញភាពក្រីក្រឲ្យកើនឡើងទ្វេដង និងអាចប៉ះពាល់ដល់ប្រជាជនភូមាចំនួនពាក់កណ្តាលចាប់ពីឆ្នាំ ២០២២ ទៅ នេះជាការព្រមានរបស់អង្គការសហប្រជាជាតិ៕