ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានចុះហត្ថលេខាលើកញ្ចប់ថវិកាចំនួន ៥,០២៤ ទ្រីលានប៉េសូ (៩៨,៤៥ ពាន់លានដុល្លារ) ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន សម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីត្រៀមនៅឆ្នាំ២០២២ ក្នុងគោលបំណងរក្សានិរន្តរ៍ភាព ចំពោះការស្តារសេដ្ឋកិច្ចឡើងវិញ និងគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ផងដែរ ។
ជាក់ស្តែង ថវិកាជាតិ ១១,៥% ដែលគ្រោងបញ្ចេញនេះ គឺជាចំនួនធំជាងការចំណាយនៅក្នុងឆ្នាំនេះ ហើយវាក៏ជាថវិកាចុងក្រោយ ដែលអនុម័តដោយលោក Duterte ផងដែរ មុនពេលអាណត្តិទី ៦ របស់គាត់ នឹងត្រូវបញ្ចប់នៅខែមិថុនាឆ្នាំក្រោយ ។
ការិយាល័យរបស់ លោក Duterte បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផែនការថវិកាជាតិឆ្នាំ ២០២២ នឹងជំរុញសកម្មភាព ដែលផ្តោតទៅលើការកសាងភាពធន់ ចំពេលកំពុងមានជំងឺរាតត្បាត ក៏ដូចជារក្សានូវសន្ទុះឆ្ពោះទៅរកការស្តារឡើងវិញ និងបន្តនូវកេរដំណែលនៃការអភិវឌ្ឍន៍ទៅលើហេដ្ឋារចនាសម្ព័ន្ធផងដែរ ។
មិនតែប៉ុណ្ណោះ កញ្ចប់ថវិកានេះ នឹងរួមបញ្ចូលទាំងដើមទុនចំនួន ១ ទ្រីលានប៉េសូ សម្រាប់ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ការគាំទ្រថវិកាសម្រាប់សាជីវកម្មរដ្ឋ និងការផ្ទេរដើមទុន ទៅកាន់អង្គភាពរដ្ឋាភិបាលក្នុងតំបន់ថែមទៀតផង ។
គួរឲ្យដឹងផងដែរថា ប្រទេសហ្វីលីពីន ស្ថិតនៅក្នុងចំណោមប្រទេសអាស៊ី ដែលរងគ្រោះខ្លាំងបំផុត ដោយជំងឺកូវីដ ១៩ ខណ:ប្រទេសនេះ គ្រោងនឹងចំណាយប្រាក់រហូតដល់ ៤៨,២ ពាន់លានប៉េសូ សម្រាប់ការទិញវ៉ាក់សាំង នៅឆ្នាំក្រោយ ។
បញ្ជាក់បន្ថែមថា ប្រទេសហ្វីលីពីន មានបំណងទាញយកអត្រាកំណើនសេដ្ឋកិច្ចពី ៧% ទៅ ៩% នៅឆ្នាំ ២០២២ និង ៦% ទៅ ៧% នៅឆ្នាំ ២០២៣ និង ២០២៤ ដែលលឿនជាងគោលដៅ ដែលបានធ្វើសេដ្ឋកិច្ចមានភាពប្រសើឡើងពី ៥% ទៅ ៥,៥% នៅឆ្នាំនេះ ៕
ប្រភព: KeloNews