អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា Keisuke Honda ត្រៀម​កាដូ​ឆ្នាំ​ថ្មី​ជាពិសេស សម្រាប់​ប្រជាជន​កម្ពុជា

អន្តរជាតិ

ដូចបាន​ដឹង​រួច​មក​ហើយ​ថា លោក Keisuke Honda ដែល​ជា​កីឡាករ​បាល់ទាត់​ជនជាតិ​ជប៉ុន​បាន​លះបង់​ទាំង​ពេលវេលា និង​កម្លាំងកាយ​ដើម្បី​មក​ជួយ​បង្វឹក​ និង​ពង្រឹង​សមត្ថភាព​នៃ​វិស័យ​កីឡាបាល់ទាត់​របស់​ប្រទេស​កម្ពុជា ដោយ​លោក​បាន​ស្ម័គ្រ​ខ្លួន​ធ្វើជា​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផ្ទាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្វី​បើ​តាំង​ពី​កាន់​តំណែង​ជា​គ្រូ​បង្វឹក​​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​តាំងពី​ឆ្នាំ ២០១៨ មក​ទល់​ពេលនេះ ជ័យ​ជម្នះ​ហាក់​មាន​មិន​សូវ​ច្រើន​ក្ដី តែ​បើ​ក្រឡេក​ទៅ​មើល​ស្ថានភាព​នៃ​ក្រុម​វិញ គឺ​ហាក់​មាន​ការ​រីកចម្រើន​ច្រើន​ ធៀប​នឹង​អតីតកាល។

ទន្ទឹម​នឹង​នោះ កាលពី​ពេលថ្មីៗនេះ យោង​តាម​ការ​បង្ហោះ​សារ​នៅ​លើ​គេហទំព័រ Facebook ផ្លូវការ​របស់​អតីតកីឡាករ​ AC Milan ខាងលើ គឺ​លោក​បាន​បង្ហើប​ថា នៅ​ឆ្នាំ ២០២២ ខាងមុខ លោក​មាន​គម្រោង​ចង់​ជួយ​ដល់​ប្រព័ន្ធ​អប់រំ​នៃ​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ​ក្រៅពី​វិស័យ​កីឡាបាល់ទាត់។

​លោក​​សង្ឃឹម​ទៀត​ថា ​គម្រោងការ​មួយ​នេះ​នឹង​អាច​ជួយ​ដល់​ប្រជាជន​កម្ពុជា​បាន​ច្រើន​ ជាពិសេស​គឺ​ជា​ឱកាស​យ៉ាងពិសេស​សម្រាប់​ក្មេងៗ​ខ្មែរ។

បញ្ជាក់​ដែរ​ថា ​កីឡាករ​បាល់ទាត់​វ័យ ៣៥ ឆ្នាំ​ ធ្លាប់​បាន​សន្យា​ថា​នឹង​ជួយ​អភិវឌ្ឍន៍​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដោយ​មិន​ទទួល​ប្រាក់ខែ​សូម្បី​មួយ​កាក់​មួយ​សេន ដោយ​គិត​តែ​ថ្លៃ​រ៉ាប់រង​លើ​ការ​ធ្វើដំណើរ​មក​ដឹកនាំ​ក្រុម​របស់​លោក​ម្ដងម្កាល​តែ​ប៉ុណ្ណោះ៕

ប្រភព: Facebook