ប្រទេសចិនបានបន្តដាក់បម្រាមរយ:ពេល ៤ សប្តាហ៍ ទៅលើការនាំចូលផ្លែស្រកានាគ តាមច្រកព្រំដែនដ៏សំខាន់មួយរបស់ប្រទេសវៀតណាម បន្ទាប់ពីបានរកឃើញករណីកូវីដ ១៩ នៅក្នុងការដឹកជញ្ជូនកាលពីពេលមុនៗ ។

ជាក់ស្តែង ការហាមឃាត់នេះនឹងមានរយ:ពេលរហូតដល់ថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២២ ចំពោះការដឹកជញ្ជូនតាមច្រកព្រំដែន Huu Nghi ក្នុងខេត្ត Lang Son ។
មិនតែប៉ុណ្ណោះ បើតាមការឲ្យដឹងពីមន្ត្រីគយចិន បានរកឃើញវីរុសកូរ៉ូណា នៅក្នុងទំនិញមួយចំនួន នៅចន្លោះថ្ងៃទី ២០ ខែវិច្ឆិកា ដល់ថ្ងៃទី ២៧ ខែធ្នូ ។
លោក Vo Huy Hoang ប្រធានសមាគមផ្លែស្រកានាគ ខេត្ត Binh Thuan បាននិយាយថា Huu Nghi គឺជាច្រកព្រំដែនធំទីពីរ សម្រាប់ការនាំចេញផ្លែស្រកានាគ ទៅកាន់ប្រទេសចិន ដែលច្រកនេះមានចំនួន ៥% នៃចំនួនចំនួននាំចេញសរុប ។

លោកបានបន្តទៀតថា ដោយសារតែការហាមឃាត់នេះ បានធ្វើឲ្យរថយន្តកុងតឺន័រ ប្រមាណ ៤០០ គ្រឿង ត្រូវដឹកផ្លែស្រកានាគពីព្រំដែន មកលក់នៅក្នុងប្រទេសវៀតណាមវិញ ដែលធ្វើឲ្យមានការខាតបង់ទឹកប្រាក់ប្រមាណ ៣០ ភាគរយ ។
លើសពីនេះ កសិផលផ្សេងទៀត ក៏កំពុងជួបការលំបាក ក្នុងការចូលទៅកាន់ប្រទេសចិនផងដែរ ខណ:ប្រទេសនេះ គឺជាអ្នកនាំចូលផ្លែឈើវៀតណាមច្រើនជាងគេ ចាប់តាំងពីពួកគេបាននឹងកំពុងរឹតបន្តឹងវិធានការសុវត្ថិភាពកូវីដ ១៩ អស់រយ:ពេលជាងមួយខែមកហើយ ៕
ប្រភព: Vn Express