ក្រុមហ៊ុនផលិតយានយន្ត Tesla បានធ្វើការប្រមូលរថយន្តប្រមាណច្រើនជាង ៤៧៥ ០០០ គ្រឿង ដែលសុទ្ធតែជាប្រភេទរថយន្តម៉ូដែល Model 3 និង Model S ចូលរោងចក្រវិញ ក្រោយមានបញ្ហាផ្នែកកាមេរ៉ាសុវត្ថិភាព និងបញ្ហាបច្ចេកទេសដែលបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ។

ក្រុមហ៊ុនផលិតយានយន្តរបស់អាមេរិកមួយនេះបានប្រមូលរថយន្តប្រភេទម៉ូដែល Model 3 ផលិតចន្លោះឆ្នាំ ២០១៧-២០២០ សរុប ៣៥៦ ៣០៩ គ្រឿងដែលមានបញ្ហាផ្នែកកាមេរ៉ាសុវត្ថិភាព និងប្រមូលរថយន្តប្រភេទម៉ូដែល Model S ១១៩ ០០៩ គ្រឿងដែលមានបញ្ហាឃ្លុបខាងមុខរថយន្ត។
សរុបចំនួនរថយន្តដែល Tesla ប្រមូលចូលឃ្លាំងដើម្បីត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពឡើងវិញគឺមានរហូតដល់ជិតកន្លះលានគ្រឿង ដែលជាស្ថិតិនាំចេញកាលពីឆ្នាំទៅ ស្របពេលបច្ចុប្បន្ននៅមិនទាន់មានការឆ្លើយតបពីសំណាក់ក្រុមហ៊ុននៅឡើយ។

យ៉ាងណា ក្រុមហ៊ុនក៏បានបញ្ជាក់ពីមូលហេតុច្បាស់ៗនៃរថយន្តទាំង ២ ម៉ូដែលនេះផងដែរ ដោយពួកគេអះអាងថា កាមេរ៉ាសុវត្ថិភាពរបស់រថយន្ត Model 3 អាចមានបញ្ហាខូចដោយសារប៉ះទង្គិចនឹងការបើកបិទឃ្លុបរថយន្ត និងធ្វើឲ្យអ្នកបើកបរមិនអាចមើលរូបភាពច្បាស់។

ខណៈចំពោះប្រភេទម៉ូដែល Model S វិញ គឺមានបញ្ហាមួយកំណាត់ខាងមុខតែម្ដង ដោយសារពេលខ្លះវាបើកឃ្លុបខាងមុខរថយន្ត ដោយឯងៗធ្វើឲ្យអ្នកបើកបរមិនអាចមើលស្ថានភាពផ្លូវបានច្បាស់ និងបង្កជាគ្រោះថ្នាក់តែម្ដង។
ក្រៅពីនោះ Tesla ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតពីសំណាក់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិហៅកាត់ NHTSA ផងដែរ ចំពោះការសម្រេចចិត្តអនុញ្ញាតឲ្យអ្នកបើកបរអាចលេងហ្គេមនៅលើអេក្រង់របស់រថយន្តពេលកំពុងធ្វើដំណើរ។

ជាលទ្ធផល Tesla បានសម្រេចចិត្តបញ្ឈប់មិនឲ្យមានការលេងហ្គេមនៅពេលរថយន្តមានចលនា ឡើយ នេះបើតាមការអះអាងពី NHTSA៕
ប្រភព: CNA