មូលធន​ទីផ្សារ​ក្រុមហ៊ុន Apple ហក់​ដល់ ៣ ទ្រី​លាន​ដុល្លារ បំបែកប្រវត្តិសាស្រ្ត

អន្តរជាតិ

មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន Apple បាន​ហក់ឡើង​ដល់ ៣ ទ្រីលាន​ដុល្លារ​កាលពី​ថ្ងៃច័ន្ទ ហើយ​ថ្វី​បើ​ឈាន​ដល់​ចំណុច​កំពូល​ត្រឹម​រយៈពេល​ខ្លី​ពិតមែន តែ​បើ​មើល​ឲ្យ​ដិតដល់​ទៅ មិនធ្លាប់​មានក្រុមហ៊ុន​ណា​ដែល​មាន​តម្លៃ​ដល់​ខ្ទង់​ប៉ុណ្ណឹង​នៅឡើយក្រៅពី Apple។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃ​របស់​ក្រុមហ៊ុន​សរុប​របស់ Apple ដែល​ហក់​ឡើង​ដល់ ៣ ទ្រីលាន​ដុល្លារ​ អាច​និយាយ​បាន​ថា ជា​ភាព​ជោគជ័យ​បំផុត​មួយ​របស់ Apple ដ្បិត​មូលធន​ទីផ្សារ​របស់​ពួកគេ​វិវត្ត​យ៉ាង​រហ័ស​ ពោល​កាលពី​ ៣ ឆ្នាំ​មុន​មាន​តម្លៃ​ ១ ទ្រី​លាន ហើយ​កាលពី​ឆ្នាំ​ទៅ​មាន​តម្លៃ​ ២ ទ្រី​លាន​ដុល្លារ។

ភាព​ជោគជ័យ​ធំ​ចំបង​របស់ Apple គឺ​ជា​ការ​លក់​នូវ​ទូរស័ព្ទ​ iPhone ដែល​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​កែប្រែ​វិស័យ​ទូរស័ព្ទ​ឆ្លាតវៃ ស្របពេល​ Apple នៅ​តែ​បន្ត​ទទួល​បាន​ទឹកប្រាក់​ធំ​សម្បើម​ពី​ការ​លក់ iPhone និង​ផលិតផល​ជាច្រើន​មុខ​ទៀត។ ជា​លទ្ធផល​ពួកគេ​ទទួល​បាន​ចំណូល​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​ត្រីមាស​ទី ៤ នៃ​ឆ្នាំ ២០២១ ប្រមាណ​ជិត ៨៥ ពាន់​លាន​ដុល្លារ។

បញ្ជាក់​ដែរ​ថា តម្លៃ​សរុប​របស់​ក្រុមហ៊ុន Apple ៣ ទ្រី​លាន​ដុល្លារ​នេះ​គឺ​មាន​ត្រឹម​រយៈ​ពេល​ខ្លី​កាលពី​ថ្ងៃច័ន្ទ ដែល​គ្រា​នោះ​តម្លៃ​ហ៊ុន​របស់​ពួកគេ​គឺ​ ១៨២,៨៨ ដុល្លារ ស្របពេល​គិត​ត្រឹម​ម៉ោង ៩ និង​៤០ នាទី​ព្រឹក​នៅ​កម្ពុជា​គឺ​មាន​តម្លៃ ១៨២,០១ ដុល្លារ/ហ៊ុន ខណៈ​មូលធន​ទីផ្សារ​គឺ ២,៩៩ ទ្រីលាន​ដុល្លារ៕

ប្រភព: theverge