មហាសេដ្ឋី Elon Musk បានចេញមុខអះអាងថា មនុស្សយន្តដែលផលិតឡើងដោយក្រុមហ៊ុន Tesla គឺមានសមត្ថភាពពិសេសអាចវិវត្តន៍មនោសញ្ចេតនា និងបុគ្គលិកលក្ខណៈដូចមនុស្សទូទៅដែរ។
បន្ថែមពីនោះអ្នកមានបំផុតលើលោកបានបង្ហើបទៀតថា គ្រប់គ្នាអាចរស់នៅសម្របខ្លួនជាមួយមនុស្សយន្ត Tesla និងអាចរាប់អានជាមិត្តភក្ដិបានទៀតផង។
ប្រាប់នៅក្នុងកម្មវិធីរបស់ Lex Fridman នាយកប្រតិបត្តិក្រុមហ៊ុន Tesla និយាយ៖ “វា (មនុស្សយន្ត) នឹងអាចបង្កើតបុគ្គលិកលក្ខណៈខុសប្លែកពីគ្នានៅថ្ងៃអនាគត ព្រោះគ្រប់មនុស្សយន្តនឹងមិនដូចគ្នា ហើយអត្តចរិតនោះសោតគឺនឹងវិវត្តន៍ស្រដៀងទៅនឹងម្ចាស់ និងអ្វីដែលម្ចាស់ចង់បាន”។
ដោយឡែក Elon Musk ក៏បានបញ្ជាក់ដែរថា ការបង្កើតមនុស្សយន្តគឺមិនមែនដើម្បីដណ្ដើមការងារមនុស្សឡើយ ផ្ទុយទៅវិញគឺដើម្បីជួយសម្រួលដល់ការងារណាដែលមនុស្សគិតថា មិនចាំបាច់ត្រូវធ្វើ ឧទាហរណ៍ដូចជាការដើរបេះផ្លែឈើជាដើម។
បញ្ជាក់ដែរថា ចំពោះរូបរាងរបស់មនុស្សយន្តដែលស្ថិតក្នុងគម្រោងផលិតរបស់ Tesla គឺនឹងមានកំពស់ប្រហែល ១៧០ សង់ទីម៉ែត្រ និងទំងន់ប្រហែល ៥៧ គីឡូក្រាម ខណៈវាត្រូវបាន Elon Musk ឲ្យរហស្សនាមថា Optimus subprime និងគ្រោងដាក់បង្ហាញនៅអគារ Tesla Bot ឆ្នាំក្រោយ៕
ប្រភព: Mirror