ពី​សេដ្ឋី​លុយ​វ៉ាល់​លាន​ដុល្លារ​ ធ្លាក់​មក​ជា​ជនអនាថា​មាន​លុយ​ជាង ១០០ ដុល្លារ ​ក្នុង​កុងធនាគារ

អន្តរជាតិ

យោង​តាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន​ក្រៅ​ស្រុក​មួយបានលើកពីមហាសេដ្ឋី​ ដែល​ធ្លាប់​ជា​បុគ្គល​មាន​បំផុត​នៅ​ចក្រភព​អង់គ្លេស​បាន​បាត់បង់​ទ្រព្យសម្បត្តិ​​អស់​រលីង និង​ធ្លាប់​រស់​នៅ​ជាមួយ​លុយ​ក្នុង​កុង​ធនាគារ ១៣៥ ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពី​ឆ្នាំ ១៩៩៨ បុរស​ដែល​​មាន​ឈ្មោះ​ Rob Lloyd ​បាន​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ Eatonfield Group ដែល​ ៨ ឆ្នាំ​ក្រោយ​បាន​ជាប់​ចូល​បញ្ជី​ផ្សារហ៊ុន​ London Stock Exchange ដែល​គ្រានោះ​មាន​តម្លៃ​ប្រមាណ ៥០ លាន​ដុល្លារ ហើយ​លោក​បាន​ចំណាយ​ប្រមាណ​ជិត ១១ លាន​ដុល្លារ​លើ​ការ​សាងសង់​ទីលាន​ប្រណាំងសេះ ទិញ​សេះ និង​ទិញ​ចម្ការ​ជាច្រើន។

រំលង​បាន ៣ ឆ្នាំ Rob Lloyd បាន​បង្ហាញ​វត្តមាន​លើ​កម្មវិធី​កញ្ចក់​ទូរទស្សន៍​អង់គ្លេស​ The Secret Millionaire ដែល​ពេល​នោះ​លោក​មាន​ចំណូល​ប្រចាំ​ឆ្នាំ​ប្រមាណ ៤៧២ ០០០ ដុល្លារ​។

តែ​អ្វីៗ​បាន​រលាយ​ត្រឹម​មួយ​ពព្រិច​ភ្នែក ពោល​នៅ​ឆ្នាំ ២០១១ បន្ទាប់​ពី​ពិភពលោក​ជួប​ប្រទះ​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត ២០០៨ លោក Lloyd ត្រូវ​ជួប​វិបត្តិ​ផ្ទួនៗ ដោយ​ក្រុមហ៊ុន​ត្រូវ​ប្រកាស​ក្ស័យ​ធន ស្របពេល​លោក​ត្រូវបាន​គេ​ឆបោក​នៅ​ពេល​ទិញ​ដី​នៅ​ប្រទេស Bahamas ថែមទៀត។

“​វា​កើតឡើង​ភ្លាមៗ ខ្ញុំ​បាន​សាងសង់​អ្វីៗ​ដោយ​ខ្លួនឯង និង​ទទួល​ភាព​ជោគជ័យ​បាន​យ៉ាង​រហ័ស តែ​ត្រឹម​មួយ​ពព្រិច​ភ្នែក គ្មាន​អ្នកណា​ដឹង​ឡើយ​ថា គ្រប់យ៉ាង​នឹង​ប្រែ​ទៅ​ជា​បែប​នេះ”។

ថ្វី​បើ​អតីតកាល​ហាក់​ដូចជា​ឃោរឃៅ​សម្រាប់​បុរស​រូបនេះ តែ​លោក​មិន​បាន​បោះចោល​ក្ដី​សង្ឃឹម​ឡើយ ពោល​ក្នុង​រយៈកាល ១០ ឆ្នាំ​ចុងក្រោយ លោក​បាន​លះបង់​ស្ទើរ​តែ​ទាំងអស់​សម្រាប់​​ក្រុមហ៊ុន Bearmont Group ដែល​ជា​ក្រុមហ៊ុន​មួយ​ទៀត​របស់​លោក និង​មាន​ប្រតិបត្តិការ​ដូច​នឹង Eatonfield Group ដែរ។

បច្ចុប្បន្ន Rob កំពុង​តស៊ូ​ជាមួយ​នឹង​ជំងឺ​មហារីក​ដែល​រកឃើញ​កាលពី​ឆ្នាំ ២០១៩ ខណៈ​ទ្រព្យសម្បត្តិ​របស់​លោក​តាម​ការ​​សន្និដ្ឋាន​មាន​ប្រហែល​ ១ លាន​ដុល្លារ​។ ជា​ចុងក្រោយ ប្រសិន​បើមិនមាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ២០០៨ ទេ ម៉្លេះ​ទ្រព្យសម្បត្តិ​របស់ Rob ប្រហែល​មិន​ត្រូវ​បាត់បង់ ថា​មិន​ត្រូវ​អាច​នឹង​ចូល​ដល់​ខ្ទង់​ពាន់​លាន​ដុល្លារ​ផង៕

ប្រភព: parisbeacon