ឥណ្ឌា ប្រកាសឱ្យក្រុមហ៊ុនស្មាតហ្វូនយក្សចិន Xiaomi ប្រញាប់បង់ពន្ធនាំចូលជិត ៨៨ លានដុល្លារ

អន្តរជាតិ

កាលពីថ្ងៃពុធ ទី ៥ ធ្នូម្សិលមិញ រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានស្នើសុំឱ្យម្ចាស់អាជីវកម្មក្នុងស្រុក នៃក្រុមហ៊ុនផលិតស្មាតហ្វូនយក្សរបស់ចិន Xiaomi បង់ពន្ធនាំចូល ចំនួន ៦,៥៣ ពាន់លានរូពី ឬ ៨៧,៨០ លានដុល្លារអាមេរិក បន្ទាប់ពីស៊ើបអង្កេតឃើញថាក្រុមហ៊ុននេះ បានគេចវេសពីការបង់ពន្ធមួយចំនួន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង រដ្ឋាភិបាល បាននិយាយទៀតថា ការស៊ើបអង្កេត ដែលធ្វើឡើងដោយអគ្គនាយកដ្ឋានប្រាក់ចំណូលរបស់ឥណ្ឌា បានបង្ហាញថា ការទូទាត់ថ្លៃសួយសារអាករ និងថ្លៃអាជ្ញាប័ណ្ឌ របស់ក្រុមហ៊ុន Xiaomi India ដែលបង់ទៅឲ្យក្រុមហ៊ុន Qualcomm USA និង Beijing Xiaomi Mobile Sotfware Co Ltd ប្រទេសចិន គឺមិនត្រូវបានកត់ចូលទៅក្នុងបញ្ជីតម្លៃប្រតិបតិ្តការនៃការនាំចូលដោយក្រុមហ៊ុន និងកិច្ចសន្យាផលិតរបស់ខ្លួននោះទេ ។

មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍មួយ បាននិយាយថា ៖ ” ដោយមិនបង់បន្ថែមទៅលើថ្លៃកម្មសិទ្ធិ និងអាជ្ញាប័ណ្ណ ក្នុងតម្លៃប្រតិបតិ្តការ នោះមានន័យថា Xiaomi India កំពុងតែគេចវេសពីការបង់ពន្ធគយ ក្នុងនាមជាអ្នកដែលទទួលបានអត្ថប្រយោជន៍ក្នុងការនាំចូលទូរសព្ទដៃ គ្រឿងបន្លាស់ និងគ្រឿងបង្គុំទាំងនោះ ” ។

លើសពីនេះ រដ្ឋាភិបាលបាលរបស់ឥណ្ឌា បានបន្ថែមទៀតថា ការជូនដំណឹងអំពីមូលហេតុ ដែលក្រុមហ៊ុន Xiaomi ត្រូវធ្វើការបង់ពន្ធ និងស្តាពន្ធឡើងវិញ គឺមានចំនួន ៦,៥៣ ពាន់លានរូពី ដែលរាប់ចាប់តាំងពីខែ មេសា ឆ្នាំ ២០១៧ ដល់ខែមិថុនា ឆ្នាំ ២០២០ ។

យ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ អ្នកតំណាងរបស់ក្រុមហ៊ុន Xiaomi បាននិយាយថា ៖ ” សម្រាប់ Xiaomi India យើងផ្តល់សារ:សំខាន់បំផុត ក្នុងការធានាបានថាយើងអនុវត្តតាមច្បាប់ របស់ប្រទេសឥណ្ឌាទាំងអស់។ បច្ចុប្បន្ន យើងកំពុងតែធ្វើការពិនិត្យមើលសេចក្តីជូនសំណឹងនេះយ៉ាងលម្អិត។ ក្នុងនាមជាក្រុមហ៊ុន យើងនឹងទទួលខុសត្រូវ ហើយយើងនឹងបន្តគាំទ្រអាជ្ញាធរជាមួយនឹងឯកសារចាំបាច់ទាំងអស់ ” ៕

ប្រភព: KeloNews