លោក Forrest Li អតីតមហាសេដ្ឋីមានដាច់គេនៅសិង្ហបុរីកាលពីឆ្នាំទៅ បានបាត់បង់ទ្រព្យសម្បត្តិប្រមាណជាង ១០ ពាន់លានដុល្លារ ដោយសារតម្លៃភាគហ៊ុន Sea Ltd មានការធ្លាក់ចុះ ក្រោយក្រុមហ៊ុនផលិតហ្គេមចិន Tencent Holdings Ltd កាត់បន្ថយចំណែកភាគហ៊ុនរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពី Bloomberg Billionaires Index។

ប្រភពដដែលបន្ថែមទៀតថា Tencent បានអះអាងកាលពីថ្ងៃអង្គារ៍កន្លងទៅថា ការសម្រេចចិត្តកាត់ចំណែកភាគហ៊ុនរបស់ Sea ពី ២១,៣% មកសល់ត្រឹម ១៨,៧% គឺដោយសារសិទ្ធិបោះឆ្នោតក្នុងការបន្ថយភាគហ៊ុនទៅសល់ក្រោម ១០% របស់ក្រុមហ៊ុន។
ការសម្រេចចិត្តធ្វើបែបនេះ គឺ Tencent ចង់ប្រមូលម្ចាស់ភាគហ៊ុនលំដាប់ Class B ទាំងអស់ ឲ្យចូលជាមួយម្ចាស់ភាគហ៊ុនលំដាប់ Class A តែជាលទ្ធផលវាបានជួយឲ្យលោក Li មានអំណាចសម្រាប់ម្ចាស់ភាគហ៊ុន Class B ទាំងអស់ ពោលលោកមានសិទ្ធដល់ទៅ ៥៧% សម្រាប់ការបោះឆ្នោត។

បញ្ជាក់ដែរថា ក្រុមហ៊ុន Sea ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរី និងមានឈ្មោះលើផ្សារហ៊ុនអាមេរិក បានក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារភាពជោគជ័យទទួលបានពីផ្សារអនឡាញ Shopee និងហ្គេមទូរស័ព្ទ Free Fire។

បច្ចុប្បន្ន លោក Li គឺជាបុគ្គលមានទ្រព្យច្រើនបំផុតទី ៣ នៅសិង្ហបុរីដោយមាន ១១,៨ ពាន់លានដុល្លារ ដែលនេះរាប់ទាំងកាលពីថ្ងៃអង្គារកន្លងទៅលោកខាតបង់អស់ ១,៥ ពាន់លានដុល្លារត្រឹមមួយថ្ងៃ ស្របពេលដៃគូស្ថាបនិកក្រុមហ៊ុន Gang Ye និងDavid Chen មានទ្រព្យសម្បត្តិ ៦,៣ ពាន់លានដុល្លារ និង ២,១ ពាន់លានដុល្លារ៕
ប្រភព: livemint