មិនធម្មតា គ្រាន់តែ Tim Cook ម្នាក់អាចរកចំណូលច្រើនជាងបុគ្គលិក Apple ធម្មតា ១៤០០ ដង

អន្តរជាតិ

ប្រាក់បៀវត្សរ៍របស់នាយកប្រតិបត្តិក្រុមហ៊ុន Apple Inc លោក Tim Cook ក្នុងឆ្នាំ ២០២១ គឺមានចំនួនច្រើនជាង ១ ៤០០ ដង ធៀបនឹងប្រាក់បៀវត្សរ៍ជាមធ្យមរបស់បុគ្គលិក នៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកមួយនេះ។ យ៉ាងណានេះបើតាមឯកសារផ្លូវការមួយ កាលពីថ្ងៃព្រស្បតិ៍ដែលបានបង្ហាញថា ការកើនឡើងនៃភាគហ៊ុនរបស់ក្រុមហ៊ុន បានធ្វើឱ្យបុរសវ័យ ៦១ ឆ្នាំ រូបនេះ រកប្រាក់ចំណូលសរុបបានជិត ១០០ លានដុល្លារឯណោះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង នៅក្នុងឆ្នាំ ២០២១ ប្រាក់ឈ្នួលជាមធ្យមសម្រាប់បុគ្គលិក គឺមានចំនួនប្រមាណ ៦៨ ២៥៤ ដុល្លារ ខណ: Apple បាននិយាយថា ខ្លួនគឺបានជ្រើសរើសយកបុគ្គលិកធម្មតាថ្មីៗ ដើម្បីធ្វើការប្រៀបធៀបនេះ ដោយសារតែការផ្លាស់ប្តូរចំពោះការជួលឲ្យមកធ្វើការ និងសំណង ។

ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីតម្រូវដ៏ខ្លាំងក្លា សម្រាប់ផលិតផល និងសេវាកម្មរបស់ខ្លួន នៅក្នុងរយ:ពេល ២ ឆ្នាំចុងក្រោយនេះ ដោយសារតែភាគច្រើននៃអ្នកប្រើប្រាស់ គឺត្រូវបំពេញការងារពួកគេពីផ្ទះ ដែលធ្វើឲ្យចំនួនលក់របស់ក្រុមហ៊ុនមានការកើនឡើងខ្លាំង ។

ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple បានកើនឡើងជាង ៣០% ដល់ ៣៦៥,៨២ ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធរបស់ខ្លួន នៅឆ្នាំ ២០២១ ដែលវាក៏បានរុញច្រានឱ្យភាគហ៊ុនរបស់ពួកគេ កើនឡើងលើសពី ៣ ទ្រីលានដុល្លារជាប្រវត្តិសាស្រ្តផងដែរ នៃមូលធនីយកម្មទីផ្សារ នៅឆ្នាំនេះ ។

ដោយឡែក លោក Cook ថ្មីៗនេះ គាត់ទទួលបានប្រាក់រង្វាន់ពីភាគហ៊ុនខាងលើ ចំនួន ៨២,៣ លានដុល្លារ ដោយបូកបន្ថែម ១២ លានដុល្លារផ្សេងទៀត សម្រាប់ការសម្រេចគោលដៅរបស់ក្រុមហ៊ុន និង ១,៤ លានដុល្លារ សម្រាប់ភារកិច្ចធ្វើដំណើរតាមផ្លូវអាកាស រួមទាំងប្រាក់បន្ថែមទៅលើគម្រោង 401(k) ថ្លៃធានារ៉ាប់រង និងផ្សេងៗទៀត ពីលើប្រាក់បៀវត្សរ៍ដែលគាត់ទទួលបាន ៣ លានដុល្លារ។

ដូច្នេះសរុបមក លោក Cook ទទួលបានចំណូលរហូតដល់ទៅ ៩៨,៧ លានដុល្លារ បើធៀបនឹងចំនួន ១៤,៨ លានដុល្លារ ដែលគាត់ទទួលបាន នៅក្នុងឆ្នាំ ២០២០ ។

គួរឲ្យដឹងថា លោក Cook បានចូលកាន់តំណែងជានាយកក្រុមហ៊ុន នៅខែសីហា ឆ្នាំ ២០១១ បន្ទាប់ពីស្ថាបនិកក្រុមហ៊ុន លោក Steve Jobs បានលាលែងចេញពីតំណែងជាច្រើនខែ មុនពេលគាត់ចែកឋានទៅ ។ ហើយជាមួយគ្នានេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងជាង ១ ០០០% ចាប់តាំងពីពេលនោះមក ៕

ប្រភព: CNA