ចិន ផាកលុយហាង 7-Eleven ជិត ៨ ពាន់ដុល្លារ ដោយគ្រាន់ហៅតៃវ៉ាន់ថាជាប្រទេស

អន្តរជាតិ

កាលពីពេលថ្មីៗនេះមានរបាយការណ៍មួយបានចុះផ្សាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើការផាកពិន័យ និងចេញសារព្រមានទៅកាន់ហាងលក់ទំនិញរាយដ៏ល្បីល្បាញ 7-Eleven ដោយសារតែបានចុះបញ្ជីតៃវ៉ាន់ថាជាប្រទេស នៅលើគេហទំព័រផ្លូវការរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើការផាកពិន័យក្រុមហ៊ុនខាងលើចំនួន ៥០ ០០០ យ៉ន់ (៧៨៤២ ដុល្លារ) សម្រាប់ “កំហុស” ដែលបានចាត់ទុកកោះតៃវ៉ាន់ជាប្រទេសឯករាជ្យ ។

គួរឲ្យដឹងថា ការដាក់ពិន័យនេះ ត្រូវបានដាក់ចេញតាំងពីធ្នូមកម្ល៉េះ ប៉ុន្តែទើបតែត្រូវបានរាយការណ៍ កាលពីថ្ងៃសុក្រទី ៧ មករា ដោយទីភ្នាក់ងារព័ត៌មាន Asia Nikkei ខណ:ខ្សែសង្វាក់ហាងលក់ទំនិញរាយ ដ៏ពេញនិយមមួយនេះ បានរីកចម្រើនពាសពេញអាស៊ី ហើយហាងនៅក្នុងទីក្រុងប៉េកាំងទាំងអស់ ត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងដោយសាខាក្នុងស្រុករបស់ 7-Eleven Japan ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនជប៉ុន 7 & I Holdings ។

ជាក់ស្តែង រដ្ឋាភិបាលចិន បានអះអាងថាតៃវ៉ាន់គឺជាខេត្តមួយរបស់ខ្លួន ហើយវានឹងក្លាយជារឿងខុសច្បាប់ និងបំពានខ្លាំង ប្រសិនបើមានការលើកឡើងណាមួយ ដែលបង្ហាញការគាំទ្រទៅកាន់តៃវ៉ាន់ ថាជាប្រទេសអធិបតេយ្យ ឬជារដ្ឋឯករាជ្យនោះ ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ក្រុមហ៊ុន 7 & I Holdings  បានចេញមុខឆ្លើយតបវិញថា ខ្លួនកំពុងតែយកចិត្តទុកដាក់ទៅលើរឿងនេះ ហើយនឹងមិនធ្វើឱ្យមានកំហុសបែបនេះកើតឡើងម្តងទៀតឡើយ ៕

ប្រភព: The Guardian