ប្រធានក្រុមហ៊ុនធានារ៉ាប់រងធំបំផុតនៅប្រទេសចិនកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីសំណាក់ពីអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលចិន។ នេះបើតាមការឲ្យដឹងពីភ្នាក់ងារស្និទ្ធស្នាលជាមួយរដ្ឋាភិបាល ក្នុងគ្រោងការបោសសំអាតអំពើពុករលួយលើវិស័យហិរញ្ញវត្ថុក្នុងស្រុក។

លោក Wang Bin រងការចោទប្រកាន់ និងស៊ើបអង្កេតដោយជាប់សង្ស័យពាក់ព័ន្ធនឹងការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់ និងវិន័យមួយចំនួន។ នេះបើតាមការអះអាងពីគណៈកម្មការកណ្តាលសម្រាប់អធិការកិច្ចវិន័យ បានបង្ហើបកាលពីថ្មីៗនេះក៏ដូចជាផ្ដល់សញ្ញាពីការចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយ។

ស្របពេលជាមួយគ្នានោះ គេហទំព័រ Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុន China Life របស់លោក Wang និងក្រុមហ៊ុនធានារ៉ាប់រងជាច្រើនទៀតកំពុងស្ថិតក្នុងដំណាក់កាលយ៉ាប់យ៉ឺន ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន និងនយោបាយបង្រួមកម្រិតអាជីវកម្មថ្មី។
ជាក់ស្ដែង នៅខែតុលាកន្លងទៅ តម្លៃហ៊ុនរបស់ China Life បានធ្លាក់ចុះគួរឲ្យបារម្ភពោលគឺដាំក្បាលចុះដល់ទៅ ៥៤% សម្រាប់ផលចំណេញនៅត្រីមាសទី ៣។
ក្រឡេកទៅមើលការដាក់ទោសទៅលើអំពើពុករលួយរបស់រដ្ឋាភិបាលចិនវិញ គឺមានភាពជាក់លាក់ និងម៉ត់ចត់ខ្លាំង ជាពិសេសគឺទាក់ទងនឹងករណីស៊ីសំណូកសូកប៉ាន់នេះតែម្ដង។ ជាក់ស្ដែងកាលពីខែកញ្ញាកន្លងទៅ Yuan Renguo អតីតប្រធានក្រុមហ៊ុន Keichow Moutai ដែលជាក្រុមហ៊ុនផលិតស្រាមានតម្លៃបំផុតនៅលើពិភពលោក ត្រូវបានរដ្ឋាភិបាលសម្រេចផ្ដន្ទាទោសជាប់ពន្ធនាគារមួយជីវិត ក្រោយរកឃើញទទួលសំណូក ១៧ លានដុល្លារ។

ដោយឡែក សម្រាប់ករណីលោក Wang Bin ពេលនេះវិញមិនទាន់ត្រូវបានបង្ហើបឲ្យដឹងពីព័ត៌មានបន្ថែមនៅឡើយ៕
ប្រភព: ndtv