ក្រុមហ៊ុន New Oriental របស់ប្រទេសចិនបានសម្រេចបញ្ឈប់បុគ្គលិកដល់ទៅ ៦០ ០០០ នាក់ បន្ទាប់ពីប្រាក់ចំណូលប្រចាំឆ្នាំមានការធ្លាក់ចុះខ្លាំងមិនធ្លាប់មាន ពោលគឺដាំក្បាលចុះដល់ទៅ ៨០% ក្រោយរដ្ឋាភិបាលក្រុងប៉េកាំងអនុវត្តច្បាប់ថ្មីលើវិស័យអប់រំឯកជនកាលពីឆ្នាំទៅ។
តួយ៉ាង លោក Yu Minhon ដែលជាស្ថាបនិកក្រុមហ៊ុននៅឆ្នាំ ១៩៩៣ បានបង្ហាញទិន្នន័យនៅលើបណ្ដាញសង្គម WeChat ផ្លូវការរបស់លោកកាលពីថ្ងៃសៅរ៍ អំពីការអនុវត្តច្បាប់ថ្មីកាលពីខែកក្កដា ២០២១ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើក្រុមហ៊ុនដែលរកស៊ីលើវិស័យអប់រំឯកជនធំបំផុតនៅចិន។
មុនពេលអនុវត្តច្បាប់ថ្មី ក្រុមហ៊ុន New Oriental បានជួលបុគ្គលិកចំនួន ១០៥ ២០០ នាក់ រួមទាំងគ្រូបង្រៀនចំនួន ៥៤ ២០០ នាក់។ នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន។ ក្រោយការប្រកាសអនុវត្តច្បាប់ថ្មីមិនបានប៉ុន្មានផង តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន បានធ្លាក់ចុះដល់ទៅ ៩០% ខណៈបច្ចុប្បន្នក្រុមហ៊ុនមួយនេះបានកំពុងព្យាយាមបង្វែរអាជីវកម្មរបស់ខ្លួនទៅកាន់វិស័យផ្សេងទៀតដែលមិនត្រូវបានប៉ះពាល់ដោយបទប្បញ្ញត្តិ រួមទាំងថ្នាក់រាំ និងគូររូប និងការបង្រៀនភាសាចិនដល់ជនបរទេសនៅក្នុងទីផ្សារក្រៅប្រទេស។
ដោយសារយល់ថាមិនអាចរកស៊ីលើវិស័យអប់រំឯកជនបន្តទៀត លោក Yu បានដឹកនាំក្រុមហ៊ុនទៅលក់បន្លែ និងផ្លែឈើ តាមរយៈការផ្សាយផ្ទាល់។ ក្រុមហ៊ុនគ្រោងនឹងបង្កើតវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកផ្ទាល់សម្រាប់កសិករវិញ៕
ប្រភព: Kelo