មន្រ្តីទទួលបន្ទុកផ្នែកថាមពលហ្វីលីពីន លោក Alfonso Cusi បានអំពាវនាវដល់ប្រទេសឥណ្ឌូនេស៊ី ឱ្យលុបចោលការហាមឃាត់ ក្នុងការនាំចេញធ្យូងថ្មរបស់ពួកគេទៅក្រៅប្រទេស ដើម្បីការពារផលប៉ះពាល់ដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើការប្រើប្រាស់ប្រេងឥន្ធន:សម្រាប់ផលិតថាមពល ។
ឥណ្ឌូនេស៊ីដែលជាប្រទេសនាំចេញធ្យូងថ្មកម្តៅដ៏ធំបំផុតរបស់ពិភពលោក បានសម្រេចផ្អាកការនាំចេញរបស់ខ្លួន កាលពីថ្ងៃទី ១ ខែមករាកន្លងទៅ បន្ទាប់ពីស្ថានីយ៍ចាយចែកថាមពលរបស់រដ្ឋ បានរាយការណ៍ថាកម្រិតនៃការប្រើប្រាស់ថាមពលក្នុងស្រុក មានការកើនឡើងខ្ពស់ ដែលនឹងអាចបណ្តាលឲ្យមានការខ្វះខាតថាមពលទ្រង់ទ្រាយធំ ប្រសិនបើមិនបញ្ឈប់ការនាំចេញធ្យូងថ្មទេនោះ ។
យ៉ាងណាក៏ដោយ ចំណាត់ការរបស់ហ្វីលីពីន ដែលស្នើសុំឱ្យឥណ្ឌូនេស៊ីលុបចោលការហាមឃាត់ លើការនាំចេញនេះ គឺធ្វើឡើងស្រដៀងគ្នា ទៅនឹងរដ្ឋាបាលរបស់ប្រទេសនៅក្នុងតំបន់អាស៊ីផ្សេងទៀត ដូចជាជប៉ុន និងកូរ៉េខាងត្បូងផងដែរ ។
គួរឲ្យដឹងថា លោក Cusi បានធ្វើការអំពាវនាវ នៅក្នុងលិខិតមួយ ដែលផ្ញើតាមរយ:ក្រសួងការបរទេស ទៅកាន់រដ្ឋមន្រ្តីក្រសួងថាមពល និងធនធានរ៉ែរបស់ឥណ្ឌូនេស៊ី លោក Arifin Tasrif។
លោក Cusi ក៏បានស្នើឱ្យនាយកដ្ឋានកិច្ចការបរទេសជួយធ្វើការអន្តរាគមន៍ចំពោះបញ្ហានេះផងដែរ និងអំពាវនាវក្នុងនាមជាប្រទេសហ្វីលីពីន តាមរយ:យន្តការសហប្រតិបត្តិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន ។
គួរបញ្ជាក់ថា ការហាមឃាមរបស់ឥណ្ឌូនេស៊ីនេះ បានធ្វើឲ្យតម្លៃធ្យូងថ្មីនៅក្នុងប្រទេសចិន និងអូស្ត្រាលី កើនឡើង កាលពីសប្តាហ៍មុន ខណ:នាវាជាច្រើន ដែលគ្រោងនឹងដឹកធ្យូងថ្មទៅឱ្យប្រទេសឈ្មួញសំខាន់ៗដូចជា ជប៉ុន ចិន កូរ៉េខាងត្បូង និងឥណ្ឌា ត្រូវបានកក់ស្ទះនៅខាងក្រៅទីក្រុង Kalimantan ដែលជាកំពង់ផែធ្យូងថ្មដ៏សំខាន់របស់ប្រទេសឥណ្ឌូនេស៊ី ៕
ប្រភព: CNA